សៀមរាប៖ តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាកន្លែងអភិរក្សមេពូជត្រី និងសត្វស្លាបជាច្រើនប្រទេភកំពុងទាក់ទាញអ្នកទេសចរណ៏ជារៀងរាលថ្ងៃ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ វាមានចម្ងាយពីក្រុងសៀមរាបប្រមាណជា១៤ គីឡូម៉ែត្រ ហើយបើយើងធ្វើដំណើរដោយជិះឡាន ឬជិះម៉ូតូយើងប្រើពេលតែ ៣០នាទីប៉ុណ្ណោះ ដែលជាកន្លែងត្រូវបានទាក់ទាញអ្នកទេសចរណ៏ឲ្យទៅទស្សនាជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃថ្ងៃសៅរនិងថ្ងៃអាទិត្យ ព្រមទំាងថ្ងៃបុណ្យទានផងដែរ។
លោក គង់ មង្គល ប្រធានសហគមន៍ទេចចរណ៍ធម្មជាតិបឹងពារាំង បានអោយដឹងនារសៀលថ្ងៃ០៧ ខែកុម្ភ: ឆ្នាំ២០២១នេះថា គឺជាកន្លែងរមណីយដ្ឋានបែបធម្មជាតិមួយ ជាតំបនអភិរក្សមេពូជត្រី នឹងសម្បូរទៅដោយសត្វស្លាបគ្រប់្រភេទ មានម្លប់ដើមរាំងត្រឈឹងត្រឆី យើងអាចបោះតង់សម្រាកលក្ខណ:ជាក្រុមៗ ឬគ្រួសារ នាពេលយប់មើលមេឃមើលផ្កាយ ក្រោមពន្លឺព្រះច័ន្ទ ស្តាប់សំលេងសត្វយំល្វើយៗ ស្តាប់សំឡេងត្រីគប់ទឹកគ្រាំងៗ នឹងអាចជិះទូកលំហែកាយ ទស្សនាសត្វស្លាបជាច្រើន ដែលកំពុងស៊ីចំណីប្រចិកគ្នាលេងយ៉ាងខ្ញៀវខ្ញាក្នុងបឹងអភិរក្សនេះតែម្តង។ លោក បានបន្ដថា ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍បានមកទស្សនានៅតំបន់នេះជាបន្ដបន្ទាប់ ខណៈដែលមានព្រៃដើមរាំង នឹងជាតំបន់អភិរក្សជីវ:ចម្រុះគ្រប់ប្រភេទ គួរអោយទាក់ទាញ។
នៅក្នុងបឹងពារាំងនេះ យើងមានទូកដែលរៀបចំដោយសហគមន៏សម្រាប់ទស្សនាឲ្យមានភាពងាយស្រួល ជិះទូកយើងប្រើរយៈពេលជាង ១ ម៉ោង ឬយូរជាងនេះសម្រាប់ទស្សនាសត្វស្លាប់គ្រប់ប្រភេទ និងផ្តិតយករូបភាពដ៏ស្រស់ស្អាត ពីសម្រស់បឹងពារាំងពេលថ្ងៃរៀបលិច នឹងមើលសត្វជាច្រើនហ្វូងកំពុងរកចំណី តំលៃទូក១ គឺ១០ដុល្លាអាចជិះបានពី៤-៥នាក់ បើភ្ញៀវគាត់ចង់បោះតង់ ខាងសហគមន៏រៀបចំឲ្យ គឺតម្លៃ១០ដុល្លា ហើយបើពួកគាត់មានតង់ស្រាប់គឺត្រឹមតែ ៣ដុល្លា ប៉ុណ្ណោះ។ លោក ថា ទៅថ្ងៃអនាគតខាងសហគមន៍បឹងពារាំក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការធ្វើប៉មជាច្រើនកន្លែងសម្រាប់មើលសត្វ ធ្វើផ្លូវកង នឹងផ្លូវចូលមកឲ្យបានស្អាតល្អ ចំពោះសហគមន៍បឹងពារាំង គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែមកទស្សនា ដើម្បីបំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ មានអារម្មណ៍ស្រស់ថ្លា។
ព្រះតេជគុណ ឡម លឿម ព្រះវិន័យធរវត្តដំណាក់ក្រុងសៀមរាប មានសង្ឃដីការថា អាត្មាមានចំណាប់អារម្មណ៏នៅបឹងពារាំង ដែលជាតំបន់អភិរក្សបានល្អកន្លងមក ពោពេញទៅធន់ធានធម្មជាតិទីនេះ មានត្រីមេពូជ សត្វស្លាបគ្រប់្រភេទ និងមានម្លប់ដើមរាំងត្រឈឹងត្រឆី គួរជាទីគាប់ចិត្តរបស់អ្នកផងទាំងឡាយ ដែលបានមកដល់ហើយទស្សនាកំសាន្ត ដើម្បីបន្ធូអារម្មណ៏តានតឹង បំបាត់នូវការនឿយហត់ បំបាត់នូវទុកកង្វល់ និងភាពស្មុគ្រស្មាញពីមុនមក តែនៅពេលដែលយើងមកដល់ទីនេះយើងមានអារម្មណ៍ស្រស់ថ្លា បានឃើញសត្វបក្សាបក្សីហោះហើរព្រូងព្រាតនៅក្នុងបឹងគួរឲ្យចាប់អារម្មណ៏។ ព្រះតេជគុណ មានសង្ឃដីការបន្តថា អាត្មានិមន្តមកកាន់បឹងពារាំងហ្នឹងជាលើកទី៣ហើយជាមួយព្រះសង្ឃជាច្រើនអង្គ ដោយយល់ឃើញថា នៅទីនេះ កន្លែងនេះ មានញាតិញោម ឬក៏ភ្ញៀវជាតិ បានមកកំសាន្តក្នុងតំបន់នេះជារឿយៗផងដែរ ។ ម្យ៉ាងវិញទៀតខាងសហគមន៏បឹងពារាំងពួកគាត់បានខិតខំប្រឹងប្រែងរៀបចំ នឹងថែរក្សាធន់ធានធម្មជាតិបានល្អប្រសើរសម្រាប់ឲ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាឲ្យច្រើនៗ ក៏ដូចក្មេងៗជំនាន់ក្រោយបានដឹងបានស្វែងយល់ពីតំបន់ទេសចរណ៏បែបធម្មជាតិមួយនេះ៕