ខេត្តកំពតជាដែនដីសម្បូរបែបមានតំបន់ទេសចរណ៍៤២កន្លែងសម្រាប់ទទួលទេសចរជាតិនិងអន្តរជាតិ

0

ខេត្តកំពត: មន្ត្រីជំនាញបានបញ្ជាក់ថា ខេត្តកំពតជាដែនដីសម្បូរបែប (The land of diversity) ដែលមានរមណីយដ្ឋាន តំបន់គោលដៅទេសចរណ៍ទាក់ទាញ តំបន់កសិ-ទេសចរណ៍ សហគមន៍ទេសចរណ៍ ភ្នំ ជ្រោះ ល្អាង ប្រាង្គប្រាសាទ ឆ្នេរសមុទ្រ សរុបមកដល់បច្ចុប្បន្នចំនួន៤២កន្លែង។ ខណៈដែលសេវាស្នាក់នៅក៏សម្បូរបែប ខេត្តមានសណ្ឋាគារគ្រប់កម្រិត រីសត បឹងហ្គាឡូ ផ្ទះលំហែជាង៥០០០បន្ទប់សម្រាប់ទទួលអ្នកទេសចរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានបញ្ជាក់ប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះថា ដោយអនុវត្តតាមគោលនយោបាយដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាការជំរុញលើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពតក្រោមការ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកបានដឹកនាំ និងជំរុញបន្តដល់អាជ្ញាធរក្រុងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ និងខិតខំលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយផ្តើមចេញពីរូបឯកឧត្តម ធ្វើជាគំរូដំបូងគេ តាមរយៈការបង្កើតសមិទ្ធផលជាច្រើន មានដូចជា ការតុបតែងលម្អសួនច្បារមាត់ព្រែក កែលម្អផ្លូវ ការបំពាក់ភ្លើងពណ៌ក្នុងក្រុង ស្ថាបនាឆ្នេរមាត់ព្រែកជាច្រើនកន្លែង ស្ថាបនារូបសំណាក់សេះសមុទ្របាញ់ទឹក នាឡិការយក្ស សួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងជាដើម។

លោកប្រធានមន្ទីរបានបន្តថា ដោយសារខេត្តកំពត មានសក្តានុពលទេសចរណ៍ផង និងមានថ្នាក់ដឹកនាំដែលមានគំនិតច្នៃប្រឌិតយ៉ាងប៉ិនប្រសប់ផង ធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍ និងលេចធ្លោជាងគេលើវិស័យទេសចរណ៍។ បច្ចុប្បន្នខេត្តកំពតមានតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាក់ទាញសរុប៤២កន្លែង។

លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ទទ្ទឹមនឹងមានតំបន់រមណីយដ្ឋាន និងតំបន់គោលទៅទេសចរណ៍ទាក់ទាញច្រើនហើយ ខេត្តកំពតក៏មានសេវាស្នាក់នៅសម្បូរបែបផងដែរ ក្នុងនោះមានសណ្ឋាគារគ្រប់កម្រិត រីសត និងបឹងហ្គាឡូ ផ្ទះលំហែ ផ្ទះសំណាក់ស្អាតៗនៅតាមដងព្រែក ដែលអាចឲ្យទេសចរលេងកីឡាលើទឹកកម្សាន្តសប្បាយថែមទៀតផង។

សូមរំលឹកថា ដើម្បីធានាដល់ការផ្តល់សេវាទេសចរណ៍ឲ្យមានភាពល្អប្រសើរ និងមានតម្លាភាព ពិសេសតម្លៃសេវាកម្ម និងម្ហូបអាហារ  ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ជាប្រចាំ និងប្រមូលតម្លៃសេវាកម្មផ្សេងៗទូទាំងខេត្តមករក្សាទុក ក្នុងករណីកន្លែងណាមួយ មានការដំឡើងថ្លៃមិនសមរម្យ  រដ្ឋបាលខេត្តនឹងមានវិធានការភ្លាមៗចំពោះទីតាំងនោះ។ ឯកឧត្តមក៏បានស្នើ និងលើកទឹកចិត្តឲ្យអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ក្នុងខេត្ត សូមប្រើសម្លៀកបំពាក់ប្រពៃណីខ្មែរពេលទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដើម្បីបង្ហាញពីចរិតលក្ខណៈ និងវប្បធម៌ប្រពៃណីរស់នៅដ៏ផូរផងរបស់ខ្មែរយើង៕ សេង ណារិទ្ធ