អភិបាលខេត្តកំពង់ចាម​ បាន​អះអាង​ថា​ ស្រុក​ស្ទឹងត្រង់​នឹង​ប្រែក្លាយ​ទៅ​ជា​តំបន់​ទីប្រជុំជន​ កសិ​ទេសចរណ៍​ យ៉ាង​សំខាន់​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ ​ស្រុក​ស្ទឹងត្រង់​នឹង​ប្រែក្លាយ​ទៅ​ជា​តំបន់​ទីប្រជុំជន​ ​​កសិ​ទេសចរណ៍​ យ៉ាង​សំខាន់​ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ ដោយមានការ​រៀបចំ​ដាក់​តាំង​​រូប​ផ្លែឈើ​នៅ​រង្វង់​មូល​គល់​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ និង​រៀបចំ​ឲ្យ​មាន​ការដាក់​លក់​ផ្លែឈើ​ ផងដែរ​ ។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវសមិទ្ធផល​នានា​ នៃ​មន្ទីរពេទ្យ​បង្អែក​ ហ៊ុន​ សែន​ ស្ទឹងត្រង់​ កាលពីព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិត​ក្នុង​ភូមិ​ត្នោត​តាសាយ​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។ 

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណ​ដល់​សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែល​បាន​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ ក៏ដូចជា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹងត្រង់​នេះ​ ដោយ​បាន​ផ្កល់​ជាសម្ភារៈបរិក្ខាពទ្យ បូក​រួម​ទាំង​សំណង់អគារ ផ្លូវបេតុង ប្រព័ន្ធ​បង្ហូរ​ទឹក​ និងសួនច្បារ យ៉ាងស្រស់ស្អាត សរុប​ជា​ថវិកាប្រមាណជាង ៣៣ម៉ឺនដុល្លារអាមេរិក​ ដែល​ជា​សមិទ្ធផល​ ដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុក​ស្ទឹងត្រង់​ ផងដែរ​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ ថ្វីត្បិតតែ យើងទទួលបានសមិទ្ធផលល្អហើយ តែចំណុចសំខាន់ គឺសូមឲ្យប្រជាពលរដ្ឋយើង សូមព្យាបាលសុខភាពនៅឯផ្ទះ ដោយខ្លួនឯងជាមុនសិន ពោលគឺ ត្រូវចេះការពារ ប្រសើរជាង ការព្យាបាល តាមរយៈ ការរស់នៅអនាម័យសុខភាព និងការទទួលទានចំណីអាហារផ្សេងៗ ឲ្យបានល្អប្រសើរ ។ យើងទទួលបានអគារ និងទីកន្លែងល្អហើយ តែសូមឲ្យល្អ ចំពោះ តែអ្នកជម្ងឺ មកទទួលសេវាសុខាភិបាល តែប៉ុណ្ណោះ ពោលគឺ អ្នកគ្មានជម្ងឺ ពុំចាំបាច់មកសម្រាកព្យាបាលនោះឡើយ ។​

​ជាមួយ​គ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​លេីក​ឡើង​ថា​ តម្លៃ​នៃ​សុខសន្តិភាព​មិន​អាច​កាត់​ថ្លៃ​បាន​ឡេីយ​ មាន​សុខសន្តិភាព​ ទេីប​មាន​ការ​អភិវឌ្ឍន៍​ ​​ជាក់ស្ដែង​ស្រុក​ស្ទឹងត្រង់​យើង​នេះ​ ទទួល​បាន​សមិទ្ធផល​ធំ​ៗ​ជាច្រើន​ មាន​ដូចជា​ស្ពាន​ ផ្លូវ​ និង​មន្ទីរពេទ្យ​បង្អែក​ជាដើម​​​  ដូច្នេះ​សូម​ពុកម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​រួម​គ្នា​​ថែរក្សា​សុខសន្តិភាពមួយ​នេះ​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​​អនុវត្តន៍​រីកចម្រើនទៅមុខ​ជាលំដាប់​ផងដែរ​ ៕​