កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស អញ្ជើញចុះពិនិត្យស្ថានភាពទឹកស្រោចស្រព និងការបង្កបង្កើនផលស្រែប្រាំង របស់ប្រជាកសិករ នៅតំបន់ បឹងជ្រោយ ស្ថិត ក្នុង ឃុំសូទិព្វនស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គួរ រំលេច ផងដែរ ថា បន្ទាប់ ពី អនុវត្ត តាម សេចក្តី ណែនាំ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ បានដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរឃុំ ចុះពិនិត្យការកាយដាក់លូរំដោះទឹកនៅតំបន់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ដេីម្បីសម្រួលការរំដោះទឹករវាងប្រជាពលរដ្ឋស្រុកបាធាយ និងស្រុកជេីងព្រៃ ដើម្បីសម្រួលដល់ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋទាំងបីឃុំខាងលើប្រមាណជាង ១០០០ហិកតា។
ជាមួយគ្នា នោះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធចំនួន៧ ដើម្បី ធ្វើការបើកផ្លូវទឹកព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពររបស់ប្រជា ពលរដ្ឋ ជាលទ្ធផលក្រុមការងារសម្រេចបាន ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m នៅចំណុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ។ និង ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m នៅ ចំណុច ក្រពើប្រជុល ព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។ ព្រមទាំង ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយបើកមុខលូ១ m មួយជួរ បន្ថែម ទៀត នៅ ចំណុច អន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ។ និង ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ នោះ ផង ដែរ ៕




































