សៀមរាប៖ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកអង្គរធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានក្នុងពេលព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះសូមប្រជាពលរដ្ឋទូទៅ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។ 
ជាមួយគ្នានោះដែរសម្ដេចក៏ចេញបញ្ជា ពីអនុញ្ញាតឲ្យរៀបចំពិធីមង្គលការ កម្មវិធីផ្សេងៗធម្មតា តែក្នុងនោះដែរប្រជាពលរដ្ឋក៏ត្រូវអនុវត្តតាម លក្ខខណ្ឌគ្រប់គ្រាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខភិបាល នោះគឺវិធានការ ៣ការពារ និង ៣កុំ គឺត្រូវតែពាក់ម៉ាស នៅទីធ្លាសាធារណៈទាំងអស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតសុវត្ថិភាព ១.៥០ម៉ែត្រ។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅកាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការទូទៅ និងការងារគណបក្សឆ្នាំ២០២០២ និងទិសដៅបន្តឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដានឲ្យបានជាក់លាក់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការត្រឡបមកពីបរទេសវិញត្រូវណែនាំឲ្យនៅធ្វើចត្តាឡីស័កនៅទល់ដែនរយៈពេលសិន។ ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យមានម៉ឺងម៉ាត់ លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កតាមការដាក់ចេញនូវវិធានការដ៏ខ្ពង់ខ្ពស់នៃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការដាក់ឲ្យអនុវត្តន៍ការធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែននោះ ចំពោះប្រជាពលរដ្ឋមកពីបរទេសមុនត្រឡប់ទៅសហគមន៍របស់ខ្លួន បានទទួលនូវប្រសិទ្ធខ្ពស់ ក្នុងការទប់ស្កាត់ហានិភ័យ ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងកាន់តែមានតម្លៃបន្ថែម ជាមួយនឹងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងការគ្រប់គ្រងបានល្អប្រសើរ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះ ផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក រាជធានីភ្នំពេញ។ ជាមួយគ្នានោះសម្តេចតេជោ បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ ដើម្បីឈានដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានឆាប់៕
អត្ថបទ និង រូបភាព៖ អ៊ុន ណារាជ្យ




































