បន្ទាយមានជ័យ៖ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំតារាង ប្រៀបធៀបកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២០ ទូទាំងខេត្តនិងស្រុកក្រុងទាំង ៩។
លោក បឹង គឹម សឹុង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍បញ្ជាក់ថាៈយោងអនុក្រិត្យលេខ១២៩ អនក្រ,បក ចុះថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០០៦ ស្ដីពីវិធាននិងនីតិវិធីនៃការធ្វើអនុបយោកទ្រព្យសម្បត្តិសាធារណៈរដ្ឋនិងរបស់នីតិបុគ្គលសាធារណៈនិងបទបញ្ជារ របស់រាជរដ្ឋាភិបាលលេខ៣០ បប ចុះថ្ងៃទី ២៥ខែធ្នូឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងសារាចរណ៍លេខ ០៧សរចុះថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៤ ស្ដីពីការរៀបចំបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋតម្រូវឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិនិងនីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរកាន់កាប់ ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវច្បាស់លាស់។
លោក បឹង គឹម សឹុង បន្តថាៈបណ្ដាលមន្ទីរអង្គភាពពាក់ព័ន្ធកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាលក្នុងការរៀបចំធ្វើបញ្ជីសារពើរភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ជារៀងរាល់ ៥ឆ្នាំម្ដង ឲ្យបានត្រឹមត្រូវគ្រប់ចំនួននិងចប់ សព្វគ្រប់នៅក្នុងត្រីមាសទី ១នៅឆ្នាំបន្ទប់ ប្រសិនបើមន្ទីរអង្គភាព ណាមិនអនុវត្តតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំ របស់អង្គភាពនោះ។
ជាចុងក្រោយលោក បឹង គឹម សឹុង បានបញ្ជាក់បន្ថែមថាការរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋបានចំនួន ២ ប្រភេទរួមមាន ១,សៀវភៅសារពើភ័ណ្ឌ ត្រូវកត់ត្រាលំម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ដែលត្រូវធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្ដង ហៅថាបញ្ជីសារពើភ័ណ្ឌ ឆ្នាំគោល ២,ធ្វើជាតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឡើងក្នុងឆ្នាំនីមួយៗ ក្នុងចន្លោះរយៈពេល ៥ ឆ្នាំ នៃបញ្ជីសារពើភ័ណ្ឌ ឆ្នាំគោល និយាយឱ្យចំការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិកើនឡើង-ថយចុះក្នុង១ឆ្នាំម្ដងជារៀងរាល់ឆ្នាំហៅថា”តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ។ដោយ ឃិន គន្ធា




































