ខេត្តសៀមរាប៖ លោក លុក ផុស ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ និង ក្រុមការងារបានចុះសាកសួរសុខទុក្ខ នាំយកនៅអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ ០២ខ្នង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១១ ម្ចាស់ផ្ទះ ឈ្មោះ ឈន់ ណឺ ភេទប្រុស អាយុ ៤៣ឆ្នាំ មានសមាជិកគ្រួសារ ៤នាក់ ស្រី
២នាក់ ទី២ ម្ចាស់ផ្ទះ ឈ្មោះ ទុំ មករា ភេទប្រុស អាយុ ៣៣ឆ្នាំ មានសមាជិកគ្រួសារ ៣នាក់ ស្រី១គ្រួសារទាំងពីររស់នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប កាលព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
មានប្រសាសន៍នាឱកាសនោះ លោក លុក ផុស បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។
ថ្វីត្បិតអំណោយមនុស្សធម៌ មានចំនួន មិនសមល្មមនឹងការបាត់បង់របស់បងប្អូន តែនេះជាការចូលរួមរំលែកទុក្ខ និងបង្ហាញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ហើយកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលនោះទេ។ លោកប្រធាន និងក្រុមការងារ ពិតមានការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុគ្រោះអគ្គីភ័យឆាបឆេះផ្ទះនាពេលនេះ។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុងមួយគ្រួសារមាន៖អង្ករ ៣០គីឡូក្រាម ស័ង្កសី ១៥សន្លឹក ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១ មី១កេស និងថវិកា ៦សែនរៀលក្នុងនោះ (ថវិកាអនុសាខា ២សែនរៀល ឃុំចារឈូក ២សែនរៀល និងក្រុមការងារ ២សែនរៀល) ៕





































