ខេត្តតាកែវ៖ កូនប្រុសចិត្តតិរច្ឆានផឹកស្រាស្រវឹងបានវាយឪពុកឲ្យស្លាប់ និងអ្នកជិតខាង៣នាក់ទៀតបានរងរបួស នៅចំនុចភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីម៉ោង០១ និង១៥នាទី ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១។
ក្រោយកើតហេតុលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ រួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ។ ជនសង្ស័យម្នាក់ ឈ្មោ: សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឃុំខាងលើ ដោយជនសង្ស័យបានយកដងចប និងដែកជើងព្យួរខោអាវវាយទៅលើជនរងគ្រោះជាឱពុកឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ ស្លាប់ភ្លាមៗនឹងកន្លែង រួមនឹងប្រជាពលរដ្ឋ៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
លោកអធិការបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីហិង្សានេះ ដោយសារការទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនឹងផឹកស្រាស្រវឹងបាត់បង់សតិ។ ករណីខាងលើសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកានស្នងការដ្ឋាន៕




































