អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កម្លាំងចុះ​ប្រតិបត្តិការ​ ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ឃឃ្លាំងស្តុកកំណាត់​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុកកំណាត់​មួយ​កន្លែងនៅ​ទល់មុខ​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​មានទំហំ​ប្រមាណ​ជា​​៣០x៤០ម៉ែត្រ​ កម្ពស់​៦ម៉ែត្រ​ និង​​មានសាច់កំណាត់ជា៤០០តោន​ ដោយ​ករណី​គ្រោះអគ្គីភ័យ​នេះ​បាន​កេីត​មាន​ឡើង​កាល​ពី​វេលាម៉ោង​ ១២:៤០នាទី​ ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ខណៈអ្នកយាមឃ្លាំង បានបិទទ្វារចាក់សោ ទៅហូបបាយថ្ងៃត្រង់ ​​។

ក្នុង​កិច្ចប្រតិបត្តិការ​ករណី​គ្រោះអគ្គីភ័យ​នេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកអភិបាលស្រុកកំពង់សៀម កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គីភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន​ កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក
និងកម្លាំងអគ្គីភ័យ បណ្ដាស្រុកទាំង៧ កម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ៍ និង​កម្លាំងប្រជាការពារសរុបប្រមាណជា១៥០នាក់​ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង៤៩៥ម៉ែត្រគូប​ និងត្រូវចំណាយអស់រយៈពេលជាង ៦ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង១៩:២០នាទីយប់ ទើបអគ្គីភ័យរលត់ទាំងស្រុង​ ដោយខូចខាតឡេវ៉ាល់ទ័រ ១គ្រឿង​ ឃ្លាំងមានទំហំ៣០x៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ​អាមេរិក​ និងសម្ភារមួយចំនួនទៀត តែពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ​ ។

ក្នុង​ករណី​គ្រោះអគ្គីភ័យ​នេះ​ដែរ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​ បានដាក់បទបញ្ជាឲ្យចេញរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿង មានរថយន្តពន្លត់អគ្គីភ័យខេត្ត ៣គ្រឿង, កំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង , ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង​ ដឹកនាំ​ដោយ​លោក​ ឧត្ដមសេនីយ៍​ត្រី​ មិន​ សុគន្ធវិបុល​ ស្នងការរងទទួលផែនអគ្គីភ័យ​ និងអាវុធជាតិផ្ទុះ ​​ចេញអន្តរាគមន៍ជាបន្ទាន់ ផងដែរ​ ៕