សៀមរាប: ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទីនៅចំកណ្ដាល បារាយណ៍ប្រាសាទបេងមាលា ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន
ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភនិងជាប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ រួមទាំងសហការីអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានចូលរួមផង។
ពិធីប្រុងពលីនេះធ្វើឡើងដើម្បីបួងសួងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័កិ្តសិទ្ធិដែលនៅថែរក្សាប្រាសាទនេះ ឱ្យក្រុមការងារកំណាយនិងជួសជុលប្រាសាទបានប្រកបដោយសុខសុវត្ថិភាពនិងជោគជ័យ។
ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ក្រុមការងារបើកការដ្ឋាន កំណាយនិងជួសជុលប្រាសាទវាលផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋជួយការពារប្រាសាទបុរាណនិងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។
លោក ម៉ៅ ស៊ី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានប្រសាសន៍ថា ជានិច្ចកាលលោកជំទាវតែងតែចូលចិត្តការថែរក្សាមរតកដូនតាជាពិសេសប្រាសាទបុរាណ។ កន្លងមកលោកជំទាវ បានចំណាយថវិការាប់លានដុល្លារក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ និងរចនាសម្ពន្ធនានារបស់ប្រាសាទនេះ ហើយជួយជួសជុលប្រាសាទបន្ទាយទ័ព និងកំពុង បន្តជួសជុលព្រះពន្លាជ័យ ឬហៅថា បារាយណ៍មេបុណ្យ។ ពេលនេះលោកជំទាវបានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីធ្វើកំណាយប្រាសាទវាលផ្ទី ដែលស្ថិតនៅជិតប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
លោក ម៉ៅ ស៊ី បានបន្ថែមទៀតថា ដរាបណាលោកនៅមានជីវិត លោកជំទាវនឹងបន្តធ្វើការជួសជុលប្រាសាទបុរាណបន្ថែមទៀត ដើម្បីចូលរួមចំណែកថែរក្សាមរតកបុរាណដែលមាន តម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ ទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ផងដែរថា ការធ្វើកំណាយពេលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលប្រាសាទវាលផ្ទីនេះឡើងវិញ៕









































