កំពង់ចាម: ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលដល់ក្នុងសហគមន៍ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង
ដែលរកឃើញបុរសជនជាតិខ្មែរម្នាក់ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅក្នុងភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ ដែលមកពីតំបន់មានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាល នាំយកបុរសខាងលើ មកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាបុរសខាងលើមានលទ្ធផលវិមានជំងឺកូវីដ-១៩ ហើយបបុរសខាងលើ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូនដែលបានពាក់ព័ន្ធជាមួយបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរ ត្រូវទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ទាន់។ សូមបងប្អូនអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវវិធានការចាំបាច់នានា តាមការណែនាំរបស់មន្ត្រីសុខាភិបាលផងដែរ ៕





































