ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេស នៅតាមបណ្តោយផ្លូវទន្លេសាប ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

0

ភ្នំពេញ៖ ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេសពីក្រោយ នៅតាមបណ្តោយផ្លូវទន្លេសាប ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការហើយ នាវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ លឹម ហុងឡេង ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងម្នាក់ទៀត ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាកស្លាក់លេខ ភ្នំពេញ 1HK-2418 ធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១។

បើតាមការសាកសួររបស់សមត្ថកិច្ច អ្នកទាំងពីរសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាវាយក្បាលលើជនបរទេស ដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែន កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវទន្លេសាប។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២ រួមនិងម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារបញ្ជូនសំណុំរឿង ទៅតុលាការដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី