រាជធានី ភ្នំពេញ៖ ដើម្បី ចូលរួម អបអរ សាទរ “ទិវា ជាតិ អំណាន ១១ មីនា” ផង និង បន្ត អនុវត្ត តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុង ការ ទប់ ស្កាត់ ការ រីក រាលដាល នៃ ជំងឺកូវីដ-១៩ ផង ក្រសួង អប់រំ យុវជន និង កីឡា នៅ តែ បន្ត រៀប ចំ ការ ប្រារព្ធ ទិវា ជាតិ អំណាន តាម ប្រព័ន្ធ អន ឡាញ ក្នុង គោល
បំណង រំឭក ដល់ វីរភាព របស់ សម្តេច ព្រះ សង្ឃ រាជ ជួន ណាត ដែល បាន ខិត ខំ តស៊ូ ពុះពារ ការពារ មរតក វប្បធម៌ អក្សរសាស្រ្ត ខ្មែរ និង ក្នុង គោល បំណង បណ្តុះ ទម្លាប់ អាន ជំរុញ វប្បធម៌ អាន លើក កម្ពស់ សមត្ថភាព អាន និង ការ តែង និពន្ធ សំដៅ រួម ចំណែក ការពារ និង ពង្រឹង វប្បធម៌ អរិយធម៌ ខ្មែរ។
ទិវា ជាតិ អំណាន លើក ទី ៦ ដែល បាន ប្រារព្ធ ឡើង ក្រោម ប្រធាន បទ “អំណាន ក្នុង បរិបទ កូវីដ-១៩” នៅ ពេល នេះ មាន គោល បំណង រំលេច ឱ្យ ឃើញ អំពី ទស្សនាទាន ថ្មី នៃ អំណាន រួម ទាំង ខ្លឹមសារ សម្រាប់ អំណាន មធ្យោបាយ អាន និង ការ ផ្តល់ នូវ អន្តរាគមន៍ ចាំ បាច់ សម្រាប់ គាំទ្រ ដល់ អំណាន ក្នុង បរិបទ កូវីដ-១៩។
កម្មវិធី នេះ បាន ប្រព្រឹត្ត ទៅ ក្រោម អធិបតីភាព ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា តាម ប្រព័ន្ធ អន ឡាញ Zoom ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ ហើយទស្សនិកជន ក៏អាចទស្សនាការផ្សាយផ្ទាល់ តាមបណ្ដាញហ្វេសប៊ុកក្រសួងអប់រំ។
ឯកឧត្ដមបានលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានក្នុងការលើកកម្ពស់អំណានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ឯកឧត្ដមបានមានប្រសាសន៍ថា សមត្ថភាពនៃការអានមិនត្រឹមតែសមត្ថភាព និងវិធីសាស្ត្រក្នុងការបង្រៀន សម្ភារៈឧបទេស ប៉ុណ្ណោះ អាស្រ័យទៅលើការគ្រប់គ្រងសាលារៀនដោយនាយក ការចូលរួមពីសហគមន៍ មាតាបិតា និងការរៀបចំវាយតម្លៃការសិក្សារបស់សិស្ស។
ក្នុង ឱកាស នោះ ឯកឧត្ដម រដ្ឋមន្ត្រី បាន ថ្លែង អំណរ គុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល បាន យក អស់ កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បី អភិវឌ្ឍ ជាតិ ឱ្យ មាន ការ រីក ចម្រើន លើ គ្រប់ វិស័យ ក្រោម ម្លប់ សន្តិភាព និងការអភិវឌ្ឍ ជា ពិសេស ក្នុង ដំណាក់ កាល នៃ ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺកូវីដ-១៩ នា ពេល បច្ចុប្បន្ន នេះ។ ក្រសួងបានដាក់ចេញគោលការណ៍២ ក្នុងបរិបទកូវីដ-១៩ គឺការការពារសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតប្រកបដោយសុវត្ថិភាព និងបន្តការបង្រៀនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ដូច ឆ្នាំ កន្លង មក ដែរ ក្នុង ការ ប្រារព្ធ ទិវា ជាតិ អំណាន ក្រសួង បាន រៀបចំ ការ ប្រកួត ប្រជែង អាន អត្ថបទ ស្មូត កំណាព្យ និង ការ តែង និពន្ធ នៅ ថ្នាក់ ជាតិ និង ថ្នាក់ ក្រោម ជាតិ ព្រម ទាំង រៀប ចំ វេទិកា បកស្រាយ ស្នាដៃ អក្សរសិល្ប៍ ដែល នៅ ឆ្នាំ នេះ បាន ជ្រើសរើស យក ប្រធានបទ “តម្លៃ អក្សរ សិល្ប៍ នៃរឿងរាមកេរ្តិ៍ក្នុង សង្គមខ្មែរ”។
ក្រៅ ពី នេះក្រសួង និង ដៃគូ ពាក់ព័ន្ធ ក៏ បាន រៀបចំ ឱ្យ មាន កម្មវិធី មួយ ចំនួន ដូចជា៖ “សប្តាហ៍សៀវភៅ” តាម អន ឡាញ វេទិកា ពិភាក្សា អនឡាញ វីដេអូឃ្លីប មួយចំនួន ដែលបង្ហាញអំពី ទម្លាប់ និងសារៈសំខាន់នៃការអានរបស់សិស្សឆ្នើម ការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ជាដើម។ដោយ រ៉ាវុធ





































