ខេត្តខេត្តរតនគិរី៖ សពស្រ្តីឆ្លងទន្លេមិនរួច មានឈ្មោះ កាវែម ពូន អាយុ ៣១ឆ្នាំ ជនជាតិក្រឹង ដែលមានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ បានស្លាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបន្សល់ទុកកូនស្រី២នាក់ អាយុ៧ និង៨ឆ្នាំឲ្យកំព្រា ពេលនេះសាច់ញាតិបានកើតទុក្ខមិនសុខចិត្ត ចំពោះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលមិនបានដឹកបញ្ចូនសពទៅដល់ផ្ទះ ហើយទម្លាក់ចោលនៅពាក់កណ្តាលផ្លូវ។
បើតាមការរៀបរាប់របស់សាច់ញាតិសព ដែលត្រូវជាបងប្រុសជនរងគ្រោះ មានឈ្មោះ កាវែម វាំង បានឲ្យដឹងថា បងស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទីបី ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដឹតដល់នោះទេ ព្រមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌សោះ ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់។ រហូតមកដល់ម៉ោង៩.៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ទើបអ្នកជំងឺបានដាច់ខ្យល់ស្លាប់ទៅ។ បន្ទាប់មកទៀតសាច់ញាតិបានដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំនុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុងឡានរកទំលាក់សពចោលម្តងហើយ តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំនុចស្ពាន អូលីង តៃកុងឡានបានរអូ៊រថាផ្ទះឆ្ងាយពេក ក៏ទំលាក់សពចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។
ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារសពឡើងរឹងផង ហើយពោះធំផងទើបមានការពិបាកដឹក ហើយធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគ រីឯតៃកុងឡានសាម៉ុយ បែជាឆ្លើយដោះសារទៅថ្នាក់លើថា អ្នកភូមិគេតំណម មិនឲ្យយកសពឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសពក៏ទៀមទារឲ្យដាក់ចុះនៅត្រឹមនេះផងដែរ។
ពាក់ព័ន្ធនិងករណីដឹកសពមិនដល់គោលដៅនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យ ទី១ ទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ ហើយនេះពុំមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ។ ទី២ ចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសជាមួយក្រុមជនជាតិដើមភាគតិច និងជនក្រីក្រ។
ជុំវិញករណីខាងលើនេះផងដែរ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានដំណែងការមិនពេញចិត្ត ដោយលោកមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា ពាក់ព័ន្ធទៅនឹងការដឹកសពកាត់ភូមិ ឬដឹកចូលភូមិ គឺលែងមានតំណមដូចពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងតៃកុងឡានខាងលើនេះវាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដ៕




































