ភ្នំពេញ៖ លោកJean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា៖ សាធារណរដ្ឋបារាំង ប្រាថ្នាចង់ឃើញ កម្ពុជាមានស្ថិរភាពនយោបាយ សុខសន្តិភាព និងវិបុលភាព ដើម្បីវន្ទន្ដភាពក្នុងការអភិវឌ្ឍនៅកម្ពុជាឲ្យមានការរីកចម្រើន ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត លោកបញ្ជាក់បែបនេះនៅក្នុងឪកាសចូលជួប សម្ដែង ការគូរសម និងពិភាក្សាការងារជាមួយ លោកស្រីម៉ែន សំអន ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្ដីការក្រសួង កាល ពីព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៤ ។ 
លោកJean-Claude POIMBOEUF បានបញ្ជាក់ថា៖ សាធារណ រដ្ឋបារាំង បានត្រៀមខ្លួន រួចជាស្រេច ដើម្បីចូលរួមចំណែកក្នុងការជួយធ្វើកំណែទម្រង់ នានាដល់កម្ពុជាក្នុងដំណាក់ កាលនេះ លោកនឹង ជំរុញប្រជាពលរដ្ឋនៅបារាំង និងនៅសហគមន៍អឺរ៉ុប ឲ្យមកធ្វើទេស ចរណ៍ ក៏ដូចជាមកធ្វើវិនិយោគ ដើម្បីជួយអភិវឌ្ឍន៍ដល់កម្ពុជា។
រដ្ឋាភិបាល បារាំងមាន ការរីករាយ ដោយ បានឃើញមានកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរ នៅ កម្ពុជា ហើយក៏ប្រាថ្នាចង់ឃើញ ភាគីទាំងពីរសហប្រតិបត្តិការ គ្នាធ្វើការរួមគ្នានៅក្នុង រដ្ឋ សភាផងដែរ ។ លោកបន្តថា៖ ក្នុងអាណត្តិបេសកកម្មការទូតនេះរបស់លោកនឹងខិតខំ បន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេស ជួយកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ហេដ្ឋា រចនាសម្ព័ន្ធ និងការជំរុញទំហំវិនិយោគ និង ពាណិជ្ជកម្មមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ ទំនាក់ទំនងការទូតរវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមក្នុងទសវត្សឆ្នាំ៥០ ហើយ ដែលអ្នកដឹកនាំជំនាន់ ក្រោយខិតខំថែរក្សាពូនជ្រុំ ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំថែមទៀត។ លោកស្រីក៏បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្ដល់ជំនួយបណ្ដុះបណ្ដាល ដល់មន្ដ្រីនៅអធិការរកិច្ច ឲ្យចេះធ្វើការងារ និងចេះប្រើសិទ្ធិអំ ណាច ចុះអង្កេតតាមដានរាល់អំពើអសកម្មទាំងឡាយ នៅតាមបណ្ដាក្រសួង មន្ទីរ និងអង្គ ភាពរដ្ឋឲ្យប្រព្រឹត្ដទៅតាមច្បាប់ទំលាប់ត្រឹមត្រូវ ក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយ នៅតាមបណ្ដាស្ថាប័ននីមួយៗ ។ 
បារាំងបានជួយអភិវឌ្ឍន៍ច្រើនប្រភេទ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដូចជាជំនួយ ផ្នែកអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងកម្ចីសម្បទាននានា ជាច្រើនទៀត ដល់កម្ពុជា។ លោកស្រីម៉ែន សំអន ក៍បានស្នើរឲ្យឯកអគ្គរដ្ឋទូតបារាំង ពិនិត្យ និង ជំរុញការដោះដូរពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំ ជាងនេះបន្ថែមទៀត ព្រោះថា ឆ្នាំ២០១៣កន្លងមកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានត្រឹមតែជាង២០០លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ លោកស្រីបន្ដថា៖ កាលពីកន្លងទៅ ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិបានប្រព្រឹត្ត ទៅប្រ កបដោយ ជោគជ័យ ក្រោយជំនួបរវាង ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង ៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ ព្រមចូលរួមធ្វើការជាមួយគ្នានៅក្នុងស្ថាប័ន រដ្ឋសភាក្រោយធ្វើ ពហិការអស់រយៈពេលជិត១ឆ្នាំ។ចាប់ពីពេលនេះតទៅរដ្ឋសភាមានកិច្ចការជាច្រើនដែលត្រូវធ្វើរួមគ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ក្នុងនាមរាជរដ្ឋាភិបាល និងសមាជិក របស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សឈ្នះឆ្នោត ខ្ញុំសូមស្វាគមន៍ និងសហការធ្វើការដោយរីករាយជា មួយសមាជិករដ្ឋសភា មកពីគណបក្ស ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា ៕ ដោយ៖ សំរិត




































