ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡាមរណសង្ក្រោះ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ផ្តល់ជូនគ្រួសារអតីតយុទ្ធជន ដែលកំពុងជួបការលំបាកក្នុងជីវភាព នៅក្នុងស្រុករវៀង

0

ខេត្តព្រះវិហារ៖ ថវិកាបេឡាមរណសង្គ្រោះ ១៦លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ រួមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ នាំយកទៅផ្តល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ នាថ្ងៃទី២០ឧសភា២០២៥នេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។

គ្រួសារសពអតីតយុទ្ធជនទាំង ៤គ្រួសារ ដែលទទួលបានថវិកាបេឡាមរណសង្គ្រោះ លិខិតចូលរួមរំលែកមរណទុក្ខ និងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នាពេលនេះ គឺ ១-ឈ្មោះ យ៉ុង យ៉ុន ភេទប្រុស អាយុ ៦៦ឆ្នាំ ទទួលមរណភាព នៅថ្ងៃទី១៣ឧសភា២០២៤ នៅភូមិ ស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ។ ២-ឈ្មោះ ព្រំ រុន ភេទស្រី អាយុ ៩០ឆ្នាំ ទទួលមរណភាព ថ្ងៃទី១៦ឧសភា២០២៤ នៅភូមិ តាំងត្រក ឃុំរបៀប ស្រុករវៀង។ ៣-ឈ្មោះ កែវ អិន ភេទប្រុស អាយុ ៦៣ឆ្នាំ ទទួលមរណភាព ថ្ងៃទី២១ឧសភា២០២៤ នៅភូមិ ជីអោក ឃុំរមណីយ ស្រុករវៀង និង ៤-ឈ្មោះ គឹម រ៉ាលី ភេទប្រុស អាយុ ៦២ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៦ឧសភា២០២៤ នៅភូមិ ត្រពាំងឫស្សី ឃុំរស្មី ស្រុករវៀង។ គ្រួសារសពអតីតយុទ្ធជនទាំង ៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៤លានរៀល ,អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ផងដែរ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងនូវការសោកស្ដាយជាពន់ពេក និងបានបួងសួងដល់វិញ្ញានក្ខន្ធសពអតីតយុទ្ធជនទាំងអស់ ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យក្រុមគ្រួសារសព មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ ចម្រើន គ្រប់ប្រការជានិរន្តន៍។

គួរបញ្ជាក់ថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ឧសភា២០២៥ កន្លងទៅថ្មីៗនេះ បានដឹកនាំក្រុមការងារខេត្ត ក្រុង នាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ប្រគល់ជូនគ្រួសារសព លោក ស៊ី គីរី អាយុ ៧១ឆ្នាំ មុខសញ្ញានិវត្តជន ស្ថិតនៅភូមិ​អណ្ដូង​ពោធិ៍​ សង្កាត់​កំពង់​ប្រណាក​ ក្រុងព្រះ​វិហារ​ ។

សព លោក ស៊ី គីរី គឺជាអតីតស្នងការនគរបាលខេត្តព្រះវិហារ ,សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ។ លោក ស៊ី គីរី បានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង ២ និង ១០នាទី រំលងអាធ្រាត ថ្ងៃទី២៤មេសា២០២៥ ។ នៅព្រឹកថ្ងៃទី២៥មេសា២០២៥ កន្លងទៅ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ ក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោក ស៊ី គីរី ៕ដោយ៖ឡុង សំបូរ