ប្រកាសអាសន្នទ័ព ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

0

ខេត្តព្រះវិហារ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រកាសអាសន្ន ប្រមូលផ្តុំ និងត្រួតពិនិត្យកម្លាំងទ័ព ដើម្បីផ្សព្វផ្សាយពីសភាពការដែលកើតឡើងថ្មីៗ នៅក្នុងមូលដ្ឋាន និងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់កងទ័ពទាំងអស់ ឱ្យពង្រឹងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងត្រូវបង្កើនការយាមល្បាត នៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានម៉ឹងម៉ាត់ ហ្មត់ចត់ និងជាប់ជាប្រចាំ ជាពិសេសនៅតាមបណ្តោយព្រំដែន។ ហើយយោធិនទាំងអស់ ត្រូវតែគោរពបទបញ្ជាផ្ទៃក្នុងរបស់កងទ័ពឱ្យបានល្អ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តថា លោកនឹងឈរនៅជាមួយបងប្អូនយោធិនយើងជានិច្ច ប្រសិនបើសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន មានការប្រែប្រួល និងតានតឹង សភាពការណ៍មិនល្អ លោកឧត្តមសេនីយ៍ នឹងនៅស៊ូក្រាញនរនៀលជាបងប្អូន ដែលស្ថិតនៅអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករង ជានិច្ច។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានបញ្ជាក់ថា លោកត្រូវតែឈានមុខធ្វើជាគំរូក្នុងការដឹកនាំ ដើម្បីទប់ស្កាត់រាល់សភាពការណ៍នានា និងដោះស្រាយហេតុការណ៍ទាំងឡាយ ដែលកើតមានឡើង ទាំងនៅតាមបន្ទាត់ព្រំដែន និងនៅក្នុងអង្គភាពទាំងមូល ។ លោកថា កម្លាំងកងទ័ពជួរមុខទាំងអស់ ត្រូវគោរវិន័យ និងបទបញ្ជាផ្ទៃក្នុងកងទ័ពឱ្យបានម៉ឹងម៉ាត់ ត្រូវឈរនៅលើមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ មិនត្រូវធ្វេសប្រហែស និងមើលស្រាលរាល់សភាពការណ៍ ដែលកើតមានឡើងនោះទេ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចេញបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាំងហានទាំងអស់ ត្រូវបង្ហាញវត្តមាននៅក្នុងអង្គភាព ត្រូវរក្សាកម្លាំងនៅតាមបណ្តាការិយាល័យ និងគ្រប់ផ្នែកទាំងអស់ឱ្យបានគ្រប់ៗគ្នា ដើម្បីរង់ចាំបទបញ្ជាថ្នាក់លើ និងត្រៀមប្រយុទ្ធគ្រប់ពេលវេលា ប្រសិនបើសភាពការណ៍មិនប្រក្រតីកើតឡើង ហើយក្នុងលក្ខខ័ន្ធមិនចាំបាច់ សូមកុំនៅក្រៅអង្គភាពឱ្យសោះ នេះគឺជាការត្រៀមលក្ខណៈសម្បត្តិរបស់កងទ័ព៕ដោយ៖ឡុង សំបូរ