​​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិត​លេខ​១០៤៤​ស​.​ជ​.​ណ នៅ​ខេត្តសៀមរាប​

0

​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៤​ខែ សីហា ឆ្នាំ​២០១៤​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​លិខិត​លេខ ១០៤៤​សជណ​ចុះ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ​២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​តំបន់ ៣​ជុំវិញ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ក្រោម​ការដឹកនាំ​ប្រជុំ​របស់ លោក​ប៉ោ​ទ្រី​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​លោក​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត​អគ្គនាយកដ្ឋាន​និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច អាជ្ញាធរ ក្រុមប្រឹក្សា​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់​មាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប ។​ ​DSC_0327

ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​. ឃឹម ប៊ុន​សុង​បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​ដែល​អាជ្ញាធរ​និង អង្គភាព​ជំនាញ​អនុវត្តបាន កន្លងមក តាម​បទបញ្ជា​លេខ ០១​បប របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លិខិតបទដ្ឋាន​ផ្សេងៗ និង អនុ​ក្រិ​ត្យ​លេខ ១៩៧ អនក្រក​.​បក ស្តីពី​ការកំណត់​ដែន​ព្រៃ​លិច​ទឹក​ចំនួន​៦៤៧​ពាន់​៤០៦​ហិកតា នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ក្នុង នោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​។

ឯកឧត្តម​បាន​បន្តទៀតថា ការផ្សព្វផ្សាយ​លិខិត​លេខ ១០៤៤​ស​.​ជ​.​ណ​ជូន​ដល់ អាជ្ញាធរ​ថ្នាក់​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​សម្ខាន់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បាន​យល់ដឹង​បន្ថែម​ពី​ខ្លឹមសារ និង គោលការណ៍ របស់​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​និរន្តរភាព បរិស្ថាន​ធម្មជាតិ​និង ប្រព័ន្ធ​ជីវៈចម្រុះ​នៃ​បឹង​ទន្លេសាប និង តំបន់​ពាក់ព័ន្ធ ដែល​រង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រៃ​លិច​ទឹក​និង មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន

ដល់​លំនឹង​ធម្មជាតិ ជម្រក​មច្ឆា​ជាតិ របប​ជលសា​ស្ត្រ​ជាដើម ។​លោក​ឃឹម ប៊ុន​សុង​បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប មាន​ក្រុង ស្រុក ៦ ជាប់​បឹង​ទន្លេសាប​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​១២​ហើយ​ត្រូវបាន​អាជ្ញាធរ​ទន្លេសាប​និង ក្រុមការងារ​គណៈកម្មកា​រ​ថ្នាក់​ខេត្ត បាន​ពិនិត្យ កំណត់​ទីតាំង​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​(​តំបន់​៣ និង បោះបង្គោល​កំណត់​ទីតាំង​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក បាន​ចំនួន ៧៧​ដើម ព្រមទាំង​បាន​រំលាយ​អាង ចំនួន​១០ នៅ​ស្រុក​២ មាន​ផ្ទៃ ក្រឡា​ប្រមាណ​៥៨៨,១​ហិកតា​និង ធ្វើការ ឃ្វៀល​ដីជូ​ន​ប្រជាជន​សរុប ៨​ពាន់​៦៨៦​ហិកតា ។​ ​

មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ​លោក​.​ប៉ោ​ទ្រី​ក៏បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ គឺជា​ក្តាប់​នូវ​រាល់​បញ្ហា​ដែលមាន​កើតឡើង​នៅតាម​បណ្តា​ឃុំ សង្កាត់ ក្រុង ស្រុក ជាប់​បឹង​ទន្លេសាប ក្នុង​តំបន់​៣ របស់​អាជ្ញាធរ​ទន្លេសាប​ដើម្បី​លើក​នូវ​មតិ​យោ​បស់​ឲ្យ​បាន​ចំ​គោលដៅ​ដែល​មូលដ្ឋាន​ជួបប្រទះ ដើម្បី​ក្តាប់​ឲ្យ​បាន​នូវ​អ្វីដែល​ត្រូវ​ដោះស្រាយបាន​នៅក្នុង​កិច្ចប្រជុំ ហើយ​ចំណុច​បញ្ហា​អ្វីដែល​ដោះស្រាយ​ពុំបាន នឹង ដាក់ជូនទៅ​រាជរដ្ឋាភិបាល​ពិនិត្យ​និង សម្រេច ។​

​បន្ទាប់ពី​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៦ និង ឃុំ​ជាប់​បឹង​ទ​ន្ល​សាប​រួចមក បណ្តា​ក្រសួង មន្ទីរ ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ពិភាក្សា​យ៉ាង​ផុលផុស​ដោយ​ផ្តោតទៅលើ​ការកំណត់​ឲ្យ​បានច្បាស់លាស់ នៅ​ទីតាំង​ដី​ដែល បាន​ឃ្វៀល​ជូន​ប្រជាជន​រួច​ព្រមទាំង​ប្រធានបទ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការកាន់កាប់​ដីធ្លី​នៅក្នុង​តំបន់​៣​របស់​បង ប្អូន​ប្រជាជន​រស់នៅក្នុង​តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប ក្នុង​គោលដៅ​អភិរក្ស​នូវ​ធនធាន​មច្ឆា​ជាតិ​សត្វ​ស្លាប នៅ​បឹង​ទន្លេសាប​។​

ក្នុងនោះ​កិច្ច​ប្រជុំបាន​ផ្តោតអារម្មណ៍​យ៉ាងខ្លាំង ចំពោះ​បញ្ហា​ជន​ឆ្លៀតឱកាស​ដែល​បាន​លបលួច​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដែល​បាន​រំលោភ​នៅក្នុង​ដី​តំបន់​៣​ព្រមទាំង​សុំ​ទៅ​រាជរដ្ឋាភិបាល​ធ្វើការ​ឃ្វៀល​ដី​ជូន​សម្រាប់​បង្កបង្កើន​ផល ហើយ​ដី​មួយចំនួន​ក៏មាន​ក្រុម​ឈ្មួញ​នៅ​ពី​ខាងក្រោយ​ទៀតផង​។ ក្នុង​កិច្ចពិភាក្សា​នោះ ក៏បាន​លើ​នូវ​វិធានការ​មួយចំនួន ដើម្បី​ជាការ​កាត់បន្ថយ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​៣​ក្នុង​គោលដៅ​ធ្វើការ​អភិរក្ស​នូវ​ធនធានធម្មជាតិ ជីវៈចម្រុះ​នៅ​បឹង​ទន្លេសាប និង ពូជ​មច្ឆា​ជាតិ​សត្វ​ស្លាប ក្នុងការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ទៀតផង ។​ ​

មានមតិ​បូកសរុប​នោះ​លោក ប៉ោ ទ្រី​ក៏បាន​ធ្វើការ​ឯកភាព​ទៅលើ​វិធានការ​នៃ​កិច្ចពិភាក្សា​បានលើកឡើង នូវ​ចំណុច​ល្អៗ​ដើម្បី​ជា​ទុន​ក្នុង​ការការពារ​ព្រៃ​លិច​ទឹក​តំបន់​៣​។ ម្យ៉ាងទៀត​ការ​កាត់​ឃ្វៀល​ដី​នៅ​តំបន់​៣​ធ្វើយ៉ាងណា​ឲ្យ​ចំ​គោលដៅ​របស់​ប្រជាជន ក្នុងការ​ទទួលបាន​ផល​ពី​ទីនោះ​ហើយ​ព្រៃ​លិច​ទឹក​គឺជា​ដង្ហើម​របស់​វិស័យ​ជលផល ។ បញ្ហា​ទាំងនេះ​ក៏ ពាក់ព័ន្ធ​ផងដែរ ទៅនឹង​រដ្ឋបាល​ព្រៃឈើ និង រដ្ឋបាល​ជលផល​។

លោក​ប៉ោ ទ្រី​ក៏បាន​សង្កត់ធ្ងន់​ផងដែរ ចំពោះ​អាជ្ញាធរ មូលដ្ឋាន​ក្រុង ស្រុក​ឃុំ​សង្កាត់​សមត្ថកិច្ច​ប្រដាប់អាវុធ​សមត្ថកិច្ច​ជលផល​ត្រូវធ្វើ​ការពិនិត្យ​បង្គោល​កំណត់​ព្រំ តាម​តំបន់​និ​មួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​បឹង​ទន្លេសាប ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​បន្ត​នូវ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង​។ ឯកឧត្តម​ក៏​លើក​នូវ​គោលការណ៍​មួយចំនួន​លើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​និង បន្ត​ការគ្រប់គ្រង​ឲ្យ​បាន​ច្បាស់​ពី​ប្រជាជន​គ្មាន​ដីធ្លី​បង្កបង្កើនផល​និង​ត្រូវធ្វើ​ការផ្សព្វផ្សាយ​បន្ត​នូវ​លិខិត លេខ​១០៤៤​សជណ​ជូន​ប្រជាជន​

រស់នៅក្នុង​តំបន់​៣ ព្រមទាំង​ធ្វើការ​អប់រំ​ពួកគាត់​នៅពេល​ប្រព្រឹត្ត​បទល្មើស​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​មុន​ចាប់​បញ្ជូនទៅ​តុលាការ​និង ត្រូវធ្វើ​ការសហការ​ជាមួយ​សមត្ថកិច្ច មន្ទីរជំនាញ ក្នុង​ការធ្វើ​ប្រព័ន្ធ​ស្រោចស្រព​នៅក្នុង​តំបន់​៣ ព្រមទាំង​ធ្វើការ​អប់រំ អំពី​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ជី កសិកម្ម ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ពូជ​មច្ឆា​ជាតិ និង បរិស្ថាន​នៅ​បឹង​ទន្លេសាប ដែល​សម្បូរ​ទៅដោយ​ជីវៈចម្រុះ​ក្នុងការ​ផ្គត់ផ្គង់​ដល់​ការ រស់នៅ​របស់​ប្រជាជន​ទៅ​ថ្ងៃ​អនាគត ៕ ​