ក្លិប Inter Milan (អ៊ីនធើ មីឡេន) បានប្រកាសថា ក្លិបបានព្រមព្រៀងទិញយកខ្សែបម្រើសញ្ជាតិឈីលីគឺកីឡាករ Gary Medel (ហ្គារី ម៉េដេល) ពីក្លិប Cardiff City (ខាឌីហ្វ ស៊ីធី) ។ កិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថា មានតម្លៃខ្លួនប្រមាណ៦លានផោនហើយ Medel (ម៉េដេល) នឹងត្រូវបានបន្ថែមប្រាក់ឲ្យចំនួន៨០០០០០ផោនទៀតបើសិនជា Inter (អ៊ីនធើ) មានកៅអី មួយបានលេងក្របខណ្ឌ Champions League (ឆាំពាន លីក) នៅរដូវកាលក្រោយ ។ ក្លិប Inter (អ៊ីនធើ) បានសម្រេចចិត្តទិញ Medel (ម៉េដេល) បន្ទាប់ពីរូបគេបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ការប្រកួត World Cup នៅប្រទេសប្រេស៊ីលដោយបានជួយឲ្យជម្រើសជាតិ ឈីលីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយតែត្រូវធ្លាក់ក្រោមស្នាដៃរបស់ម្ចាស់ផ្ទះប្រេស៊ីល ។ គួរបញ្ជាក់ថា កីឡាករវ័យ២៧ឆ្នាំរូបនេះចូលលេងបាន៣៤ប្រកួតឲ្យ Cardiff City (ខាឌីហ្វ ស៊ីធី) ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ៕
Ads







































