សៀមរាប: រដ្ឋបាលខេត្តសៀមរាប បាននាំយកបិណ្ឌបាតទានមួយចំនួន ជាអំណោយប្រកបដោយសេចក្តីសង្គ្រោះ ប្រគេនចំពោះព្រះសង្ឃ ដែលគង់នៅតាមទីអារាមមួយចំនួន កំពុងជួបបញ្ហាខ្វះខាតអាហារភោជន ដោយសារតែវិបត្តិកូវីដ-១៩ ។ ក្រោមវត្តមានរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងមន្រ្តី
រាជការ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅវត្តព្រៃព្រះ ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានព្រះសង្ឃនិមន្តមកពីបណ្តាវត្តចំនួន២ និងអាស្រមមួយផ្សេងទៀត គឺវត្តអភ័យវន្តព្រះអង្គចែង នៅឃុំពាក់ស្នែង វត្តព្រះពុទ្ធពោធិរៀង នៅភូមិកំពង់ទឹក និងអាស្រមគិរីកង្រី នៅភូមិជប់ ឃុំជប់តាត្រាវ បាននិមន្តទទួលយកការប្រគេនបិណ្ឌបាតទានទាំងនោះ ដោយក្តីជ្រះថ្លាបំផុត។
លោកស្រី យូ សុភា មានប្រសាសន៍ថា៖ ក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពអាវសជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ២០២១ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរក ការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឳកាស នៃការអភិវឌ្ឍន៍ ក្នុងនេះគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប កំពុងដំណើរការអនុវត្ត។
គួរបញ្ជាក់ដែរថា កម្មវិធីប្រគេនទេយ្យទាន មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣០ និងទីអាស្រមចំនួន៦ ដែលជួបការកំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវបិណ្ឌបាតទាននៅវត្តព្រៃព្រះ រួមមានវត្តចំនួន៣ និងអាស្រមចំនួន១ផ្សេងទៀត បានទទួលភោជនភ័ស្តុនេះ ហើយនេះគឺជាជំហានទី២ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់កន្លងមក។
សម្រាប់ទីរាម ឬសម្រាប់ទីអាស្រមនីមួយៗ រួមមាន អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ២៥០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករ ស ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យផងដែរ។ ចំពោះបច្ច័យវិញ វត្តនិងទីអាស្រមនីមួយៗ ទទួលបាន ២លានរៀល៕









































