​មុខរបរ​បណ្តុះ​ផ្កា​លក់​អាច​រក​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បាន​ធូរធា​

0

​ ​ខេត្តកំពត​៖ មុខរបរ​បណ្តុះ​ផ្កា​លក់​អ្វី​ត្បិត​ជា​អាជីវកម្ម​ដ៏​សាមញ្ញ ប៉ុន្តែ​អាច​រក​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ស្រួល​ដែរ​។​នេះ​បើតាម​ការលើកឡើង​ពី​សំណាក់​អ្នក​បណ្តុះ​ផ្កា​ដឹក​តាម​រថយន្ត​លក់​តាម​ខេត្ត​នានា ពិសេស​ខេត្តកំពត​និង​កែប​។​ អ្នកលក់​ផ្កា​ដឹក​តាម​រថយន្ត​បាន​និយាយថា ផ្កា​ដែល​គាត់​បណ្តុះ​លក់​មាន​គ្រប់​ប្រភេទ ដូចជា​ពូជ​ផ្កា​មកពី​បរទេស​និង​ពូជ​ផ្កា​របស់​ខ្មែរ សុទ្ធសឹង​ជា​ផ្កា​ដែល​អតិថិជន​ស្រឡាញ់​ចូលចិត្ត ហើយ​ការលក់ដូរ​គឺ​តម្លៃ​សមរម្យ ព្រមទាំង​ធានា​គុណភាព ដោយ​ដាំ​ហើយ​មិនចេះ​ងាប់​ឬ​ស្រពោន​ឡើយ​។​

ម្ចាស់​ផ្កា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា តាមពិតទៅ គាត់​ក៏មាន​កសិដ្ឋាន​បណ្តុះ​ផ្កា​ជា​លក្ខណៈ​គ្រួសារ​ស្ថិតក្នុង​ដែនដី​ខេត្តកណ្តាល ប៉ុន្តែ​ដោយសារ​គាត់​មាន​ទម្លាប់​ដឹកជញ្ជូន​ដើម​ផ្កា​តាម​រថយន្ត​លក់ ទើប​ខណៈ​នេះ​ក៏​ដឹក​លក់​តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​តែម្តង ដើម្បី​បាន​ស្គាល់​ស្រុកទេស៍​របស់គេ​ផង​និង​បានធ្វើ​ដំណើរ​ទេសចរណ៍ គឺ​ចំណេញ​ទាំង​ប្រាក់​ថែមទាំង​បាន​ទស្សនា​នូវ​ទិដ្ឋភាព​ថ្មីៗ​គ្រប់​បណ្តា​ខេត្ត ក្រុង​ជាច្រើន​ផងដែរ​។​-----

គាត់​បាន​បញ្ជាក់ទៀតថា ការដឹក​ដើម​ផ្កា​លក់​នេះ កន្លងមក​គាត់​បាន​សិក្សា​ច្បាស់លាស់ ព្រោះ​សំអាងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់​តាម​តំបន់​និ​មួយៗ​មិន​ថា​ទីជនបទ​ឬ​ទីប្រជុំជន​នោះទេ គេ​តែងតែ​ផ្តោត​ការចាប់អារម្មណ៍​នាំគ្នា​ដាំ​ផ្កា​លំអ​តាម​មុខ​គេហដ្ឋាន​របស់ខ្លួន ទើប​រូបគាត់​បែកគំនិត​សម្រេច​ដឹក​ដើម​ផ្កា​ដែល​ផ្សាំ​បណ្តុះ​ថ្មីៗ​ដឹក​តាម​រថយន្ត​លក់​តែម្តង ។

​បន្ទាប់ពី​សាកល្បង​ដឹក​លក់​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះសីហនុ កំពត កែប ជាដើម ដោយ​មុខរបរ​នេះ​មាន​ភាព​រីកចម្រើន ទើប​គាត់​ខំ​បណ្តុះ​ពូជ​ផ្កា​ជាច្រើន​មុខ​សម្រាប់​លក់​នៅមុខ​ផ្ទះ​និង​ដឹក​លក់​តាម​ខេត្ត​នានា ដោយ​លក់​ក្នុងតម្លៃ​មួយ​យ៉ាង​សមរម្យ ដូចជា​ប្រភេទ​ផ្កាអ័រគីដេ​មួយ​ដើម​ត្រឹមតែ​១០០០០​រៀល​(​មាន​ចម្រុះ​ពណ៌​)​។​ អ្នកលក់​ផ្កា​ខាងលើ​បាន​អួតថា កាលពីមុន​គ្រួសារ​របស់គាត់​មាន​ជីវភាព​លំបាក​តោកយ៉ាក ប៉ុន្តែ​ក្រោយពី​បែកគំនិត​បណ្តុះ​ផ្ក​កាល​ក់មក​នោះ កំរិតជីវភាព​របស់​គាត់​កាន់តែ​ធូរធា ឡើង​សន្សឹមៗ ដោយ​មុនដំបូង​គាត់​សន្សំ​ប្រាក់​ដែល​បាន​ពី​លក់​ដើម​ផ្កា​ទិញ​បាន​ម៉ូតូ​អូស​រ៉​ម៉ក​ដ៏​កញ្ចាស់​មួយ​សម្រាប់​ដឹក​ផ្កា​លក់​។​

លុះ​ប​ន្មា​ន​ឆ្នាំ​ក្រោយមក​ដោយសារ​មុខរបរ​កាន់តែ​រីកចម្រើន​ទើប​គាត់​សន្សំ​ប្រាក់​រហូត​ទិញ​បាន​រថយន្ត​កូរ៉េ​ដឹក​ផ្កា​លក់​ស្ទើ​គ្រប់​ខេត្ត​ក្រុង​បែបនេះ​តែម្តង​។​ម្ចាស់​ផ្កា​បាន​បង្ហើប​ថា ថ្វី​ត្បិត​មុខរបរ​បែបនេះ​រាង​សាមញ្ញ តែ​អា​ចរក​កម្រៃ​មក​ដោះស្រាយ​ជីវភាព​បាន​យ៉ាង​ប្រពៃ ហើយ​បើ​បងប្អូន​ណា​ចង់ដឹង​ពី​របៀប​បណ្តុះ​ផ្កា​លក់ គាត់​នឹង​ជួយ​បង្រៀន​ពី​រូបមន្ត ប៉ុន្តែ​មុននឹង​ប្រាប់ សូម​បងប្អូន​ជួយ​ទិញ​ដើម​ផ្កា​ម្នាក់​១​ឬ​២​ដើម​យកទៅ​ដាំ​ផង​៕