កំពង់ឆ្នាំង៖កុមារាជាសិស្សរៀនថ្នាក់ទី៦ម្នាក់បានស្លាប់ដោយសារឪម៉ាល់ទិច បន្ទាប់ពីរូបគេឡើងបេះផ្លែកកោះត្រូវឪម៉ាល់ទិចធ្លាក់ដី និងត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តបាន១យប់រួចមក។ករណីសត្វឪម៉ាល់ទិចនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នៅក្នុងភូមិអូរល្ពៅ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ 
ក្រុមគ្រួសារកុមាររងគ្រោះបាននិយាយអោយដឹងថា៖កុមាររងគ្រោះមានឈ្មោះសំ ណាង ណាត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦សាលាបឋមសិក្សាក្ដុល រស់នៅក្នុងភូមិឃុំកើតហេតរុខាងលើ ឪពុករបស់គេឈ្មោះ ផៃ សំណាង អាយុ៣៧ឆ្នាំទៅ ធ្វើការនៅប្រទេសថៃ និងបានលែងលះជាមួយម្តាយរបស់គេឈ្មោះ សាន ស្រីមុំ អាយុ៣៤ឆ្នាំ សព្វថ្ងៃធ្វើជាកម្មករកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ រួបគេមានបងប្អូនបង្កើត៤នាក់ រូបគេជាកូនពៅ
។
មុនពេលកើតហេតុរូបគេបានឡើងលើដើមកកោះ១ដើម ដែលមានកំពស់ជាង២ម៉ែត្រ ដើម្បីបេះផ្លែកកោះហូប។នៅពេលនោះក៏បានប៉ះនិងសំបុកឪម៉ាល់ធំ១សំបុកបានទិចក្បាលរបស់គេជាច្រើនមេ ហើយគេបានធ្លាក់មកដីស្រែកហៅអោយគេជួយ។ក្រោយពេលកើតហេតុក្រុមគ្រូសារបានដឹកបញ្ជួនរូបគេមកដល់មន្ទីរពេទ្យខេត្តនៅវេលាម៉ោង៣ល្ងាចដើម្បីអោយក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត។ ក្រុមគ្រួសារកុមាររងគ្រោះបានអោយដឹងទៀតថា៖នៅវេលាទៀបភ្លឹថ្ងៃទី១៣ ខែសីហា ឆ្នា២០១៤នេះ សេរ៉ូមដែលគ្រូពេទ្យដាក់អោយគេបានអស់ ហើយជីតារបស់ក្មេងពេលឃើញឈាមច្រាលចូលទៅក្នុងទុយោសេរ៉ូមវិញ គាត់ក៏បានដកសេរ៉ូមចេញហើយបានទៅប្រាប់គ្រូពេទ្យអោយដឹង បន្ទាប់គ្រូពេទ្យប្រចាំការបានចាក់សេរ៉ូមថ្មីអោយទៀត។ 
លោក វេជ្ជបណ្ឌិតម្នាក់នៅក្នុងអាគាររបួសនៃមន្ទីរពេទ្យខេត្តបានអោយដឹងថា៖ករណីស្លាប់របស់កុមារខាងលើនេះគឺបណ្តាលមកពីឪម៉ាល់ទិចច្រើនមេពេក ទោះបីគ្រូពេទ្យខិតខំជួយសង្គ្រោះអស់មួយយប់ទៅហើយក៏ដោយ ក៏មិនអាចទប់ទល់និងពឹសឪម៉ាល់ដ៏សាហាវនេះបានឡើយ។នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ កុមាររងគ្រោះបានដាច់ខ្យល់ស្លាប់ ក្រោមការជួយសង្គ្រោះយ៉ាងអស់លទ្ធភាពពីក្រុមគ្រួពេទ្យក្នុងអាគារសង្គ្រោះបន្ទាន់។ សពកុមារារងក្រោះត្រូវបានមន្ទីរពេទ្យខេត្តជួយដឹកបញ្ជូនតាមរថយន្តសាមុយរបស់ មន្ទីរពេទ្យខេត្តទៅកាន់លំនៅដ្ឋានវិញ ដើម្បី្ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទានតាមប្រពៃណី៕




































