អតីតគ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ Barcelona (បាសេឡូណា) លោក Gerardo Martino ត្រូវបាន តែងតាំងឲ្យក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមតុងហ្គោអាហ្សង់ទីន ។ បុរសវ័យ៥១ឆ្នាំរូបនេះនឹងត្រូវឡើងកាន់តំណែងជំនួសលោក Alejandro Sabella (អាឡិចចាន់ដ្រូ សាបេឡា) បន្ទាប់ពីរូបលោកសម្រេចចិត្តលាឈប់ពីការងារក្រោយពេលដឹកនាំជម្រើសជាតិអាហ្សង់ទីនអស់រយៈពេល៣ឆ្នាំ ។
លោក Martino បានចាកចេញពីទឹកដី Camp Nou (ខេម នូ) កាលពីចប់រដូវកាលមុនដោយលោកមិនអាច ជួយឲ្យ Barcelona ឲ្យឈ្នះពានអ្វីមួយសោះ ហើយនេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ២០០៧ មកដែល Barcelona មិនមានពានអ្វីនៅក្នុងដៃ ។ បុរសសញ្ជាតិអាហ្សង់ទីនរូបនេះក៏ធ្លាប់ឈ្នះពានកាលដែលរូបលោកនៅជាកីឡាករក្នុងក្រុមជម្រើសជាតិផងដែរហើយលោកក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយផងដែរ ។ គួរបញ្ជាក់ថា លោក Martino បានដឹកនាំក្រុម Barcelona (បាសេឡូណា) ឲ្យជាប់នៅលំដាប់ទី២ក្នុងតារាង La Liga កាលពីរដូវកាលមុនដោយលេងឈ្នះ៤០ប្រកួតក្នុងចំណោម៥៩ប្រកួត ៕







































