អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបិទវគ្គបណ្តុះបណ្តាលជីវភាព នយោបាយកងទ័ព ដល់អង្គភាពចំណុះសឹករងខេត្តទាំងអស់ ដែលមាននាយទាហាន នាយទាហានរង និងពលទាហាន ១២០នាក់ចូលរួម ដើម្បីឈានឆ្ពោះទៅពង្រឹងបាននូវធនធានមនុស្ស ប្រកបដោយ
សមត្ថភាពខ្ពស់ ក្នុងការការពារបូរណភាពទឹកដី រក្សាបានសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែន និងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះ ត្រូវគេនិយាយថា ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានច្បាស់ ពីសភាពការណ៏ជាតិអន្តរជាតិ និងស៊ីជម្រៅលើសភាពការណ៏ឈរលើទីតាំងនៃកងយោធពលខេមរៈភូមិន្ទ ដើម្បីការពារប្រទេស រាជរដ្ឋាភិបាល និងរក្សាបាននូវស្ថេរភាព សន្តិសុខប្រទេស ជៀសបាននូវការបែកបាក់ឯកភាពជាតិ ។វគ្គបណ្តុះបណ្តាលនោះ ធ្វើឡើងមានរយះពេល៤៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤មិថុនា ដល់ថ្ងៃទី០៨សីហា ២០១៤ នៅសាលប្រជុំ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងបានបិទបញ្ចប់វគ្គ នៅល្ងាចថ្ងៃ១២សីហាម្សិលមិញ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៏ឯកជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្តមអ៊ុំ ម៉ារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៏ត្រីសោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំជុំវិញមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងយោធាចារ្យជាង១០០នាក់ ។នៅក្នុងវគ្គបណ្តុះបណ្តាលរយះពេល៤៥ថ្ងៃនោះ ត្រូវបានលោកឧត្តមសេនីយ៏ត្រី សោម បុប្ផារ័ត្ន បញ្ជាក់ថា សិក្ខាកាមដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ មានចំនួន១២០នាក់ ក្នុងនោះនាយទាហាន៥១នាក់នាយទាហានរង៦៨នាក់ និងពលទាហានម្នាក់ ។ អង្គភាពបានបញ្ចូលខ្លឹមសារសំខាន់ៗ ស្តីពី ការផ្សព្វផ្សាយសៀវភៅសបោះឆ្នោតសាកល២០១៣ ច្បាប់របស់ប្រទេសមួយចំនួន ដូចជា ខ្លឹមសារយោធារួម បច្ចេកទេស អាវុធថ្មើជើង អប់រំចិត្តសាស្ត្រ ផែនទីត្រីវិស័យ GPS អប់រំក្រៅប្រព័ន្ធ និងវិទ្យុទាក់ទង ។លោកឧត្តមសេនីយ៏មេបញ្ជាការបានបន្តថា ការបើកវគ្គហ្វឹកហ្វឺន អង្គភាពមានគោលបំណង អនុវត្តន៏ គោលនយោបាយកែទម្រង់ របស់កងយោធពលខេមរៈភូមិន្ទ និងផែនការហ្វឹកហ្វឺន របស់មេបញ្ជាការយោធា ភូមិភាគទី៤ ផែនការហ្វឹកហ្វឺនរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានដាក់ចេញនូវវគ្គហ្វឹកហ្វឺន ដល់នាយទាហាន នាយទាហានរង និងពលទាហាន បណ្តុះបណ្តាលគ្រប់មុខវិជ្ជា ដើម្បីបង្កើននូវសមត្ថភាព កម្រិតយល់ដឹងឲ្យកាន់តែខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៏ធនធានមនុស្ស ក្នុងជួរកងយោធពលខេមរៈភូមិន្ទមួយ ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំ បំរើឲ្យបុព្វហេតុការពារជាតិ បូរណៈភាពទឹកដី ហើយចូលរួមអនុវត្តន៏គោលនយោបាយ របស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ។លោកថា បន្តការយកចិត្តទុកដាក់ហ្វឹកហ្វឺនបន្ថែម ផ្នែកស្មារតីឲ្យយោធិនគ្រប់រូបយល់ដឹង និងអនុវត្តន៏ ច្បាប់រដ្ឋធម្មនុញ្ញ លក្ខខន្តិកៈទូទៅ នៃកងយោធពលខេមរៈភូមិន្ទ សៀវភៅស ការពារជាតិ ព្រះរាជក្រិត្យ សេចក្តីប្រកាស អប់រំសិទ្ធិមនុស្ស ការយលដឹងអំពីជម្ងឺរអេដស៏ និងកាមរោគ។ល។ ហើយវគ្គហ្វឹកហ្វឺននេះ ដំ ណើរការទៅបាន ដោយមានការឧបត្ថម្ភពីថ្នាក់លើ និងសប្បុរសជនមួយចំនួន គួបផ្សំនឹងរបបបងប្អូនដែលមាននៅក្នុងនោះ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ឧបត្ថម្ភ ១៦លាន២សែនរៀលឯកឧត្តម ឧត្តមសេនីយ៏ឯកជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ ៤លានរៀល ឯកឧត្តមអ៊ុំ ម៉ារ៉ា អភិបាលខេត្ត២លានរៀល ។និងឆ្លង តាមវគ្គបណ្តុះបណ្តាលរយះពេល៤៥ថ្ងៃកន្លងទៅនេះ គណៈកម្មាការគ្រប់គ្រងវគ្គ បានវាយតម្លៃនៅពេលបញ្ចប់វគ្គ រកឃើញសិក្ខាកាមមាននិទ្ទេសល្អ ចំនួន៤១នាក់ បង្គួរ៦២នាក់ និងមធ្យម១៧នាក់ ។មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៏ឯកជា ម៉ន បានថ្លែងថា ឆ្លងកាត់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលរយះពេល៤៥ថ្ងៃកន្លងទៅនេះ ឃើញថា សិក្ខាកាមគ្រប់រូប គោរពបានយ៉ាងខ្ជាប់ខ្ជួន នូវវិន័យសីលធម៌ បទបញ្ជាផ្ទៃក្នុងរបស់កងទ័ព និងមានសាមគ្គីភាពគ្នាល្អ មានវិន័យសីលធម៌ល្អ ទើបធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ទទួលបានជោគជ័យ ។ក្រោយពីបញ្ចប់វគ្គយោធិនគ្រប់រូប ពង្រឹងបាននូវសមត្ថភាព ស្ទើរលើគ្រប់មុខវិជ្ជា ដោយចេះប្រើប្រាស់ កែច្នៃអាវុធជាតិផ្ទុះ ចេះប្រើប្រាស់ផែនទីភូមិសាស្ត្រ ត្រីវិស័យ យល់ដឹងអំពីការក្លែងភេទ កល់ល្បិច យុទ្ធវិធី ក្នុងការវាយកំទេចសត្រូវ ចូលឈ្លានពានទឹកដីនិងច្បាប់រដ្ឋមួយចំនួនទៀត ។ហើយត្រូវយកចំណេះដឹងទាំងនេះ ទៅបំរើឲ្យបុព្វហេតុ ការពារជាតិ មានតុភូមិ និងប្រជាពលរដ្ឋរបស់យើង បើវិស័យការពារជាតិរឹងមាំ នោះទើបរក្សាការពារបាននូវបូរណភាពទឹកដី ។ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមអ៊ុំ ម៉ារ៉ា បានថ្លែងកោតសរសើរ ដល់នាយទា ហាន នាយទាហានរង ពលទាហាន និងយោធាចារ្យក្នុងវគ្គទាំងអស់ ដែលបានសិក្សារៀនសូត្ររយះពេល៤៥ថ្ងៃ ប្រកបបានដោយជោគជ័យ ដែលនេះជាមោទនភាពមួយរបស់ខេត្តយើង ដែលយោធិនទាំងអស់ សុទ្ធ តែពង្រឹងបាននូវសមត្ថភាព និងអភិវឌ្ឍន៏បាននូវធនធានចំណេះដឹងខ្ពស់ ។ឯកឧត្តមបានបន្តថា តួនាទីរបស់កងយោធពលខេមរៈភូមិន្ទ ដែលជាតួនាទីមួយដ៏មានសារៈសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការបំពេញភារកិច្ច ជូនជាតិ មាតុភូមិ ជាពិសេស ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ក៏ដូចជានៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេស ។ លោកថា ការពង្រឹងសមត្ថភាព របស់កងយោធពលខេមរៈភូមិន្ទក្នុងប្រទេស គឺដើម្បីឈានឆ្ពោះទៅរកការបង្កើនសមត្ថភាព ទាំងវិស័យយោធា ក៏ដូចជារដ្ឋបាលសាធារណៈទាំងអស់។ ហើយកម្លាំងសិករងខេត្ត នៅរយះពេលកន្លងមក តែងតែបានចូលរួមគ្រប់សកម្មភាព ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ការពារបាវចនា ជាតិ សាសនា និងព្រះមហារក្សត្ររបស់យើងដែលនេះជាទង្វើមួយដ៏សក្តិសម ក្នុងក្របខណ្ឌជាកងយោធពលខេមរៈភូមិន្ទ៕




































