កំពង់ចាម៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមបានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទន្លេមេគង្គចំនួន២៩៧គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងពាំនាំយកមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអង្គការការីតាស កម្ពុជា ចែកជូនដល់គ្រួសាររងគ្រោះទាំងនោះ ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិវេណអនុវិទ្យាល័យទួលព្រិច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលខេត្តកំពង់ចាម លន់ លឹមថៃ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាប្រធានកិត្តិយសគណកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកវេជ្ជបណ្ឌិត សុខ ទ្បុង ប្រធាននាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា លោក គីម រតនា នាយកប្រតិបត្តិអង្គការការីតាស កម្ពុជា និងក្រុមប្រឹក្សាខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោកអភិបាលស្រុកកងមាស ស្រីសន្ធរ កោះសូទិន និងស្រុកកំពង់សៀម ។ 
លោក ទេព រាមមុនី អភិបាលស្រុកព្រៃឈរបានធ្វើរបាយការណ៍ពីស្ថានភាពទឹកជំនន់ក្នុងស្រុកព្រៃឈរជម្រាបជូនអង្គវិធីជ្រាបថា៖ស្រុកព្រៃឈរមាន ១៥ ឃុំ ស្នើនឹង ១៧៦ភូមិ ហើយឃុំដែលកំពុងរងគ្រោះទឹកជំនន់ទន្លេមេគង្គ មានចំនួន ១ ឃុំ គឺឃុំមៀន ដែលមាន ៦ភូមិរងការប៉ះពាល់ដោយទឹកជំនន់នេះ ក្នុងនោះមានភូមិ៥ ដែលទឹកជំនន់បានជន់លិចដំណាំស្រូវចំនួន ៣៤ ហិកតា ។
ក្នុងនោះ មានភូមិមួយដែលស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានលិចភូមិទាំងស្រុកដែលមានប្រជាជនចំនួន ២៩៧គ្រួសារ ស្នើនឹង ១២៦៩ នាក់ ។ អាជ្ញាធរស្រុកបានជន្លៀសប្រជាជនចំនួន ៥៣២នាក់ និងសត្វពាហនៈផ្សេងៗមកកាន់ទួលសុវត្ថិភាពទួលបេង និងមានបងប្អូនមួយចំនួនទៀត បានទៅនៅជ្រកកោនជាមួយនឹងបងប្អូនរបស់ពួកគេនៅភូមិក្បែរៗគ្នា ។ គ្រោះទឹកជំនន់ទន្លេមេគង្គនៅក្នុងឃុំមៀននេះ បានបំផ្លាញផ្លូវលំ ហើយសាលារៀន និងទីអារាមនានាក៏ត្រូវហ៊ុំព័ទ្ធដោយទឹកជំនន់ ផងដែរ ។ 
បន្ទាប់ពីមតិសំណេះសំណាលរបស់លោកវេជ្ជបណ្ឌិត សុខ ទ្បុង ប្រធាននាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា និងលោក គីម រតនា នាយកប្រតិបត្តិអង្គការការីតាស កម្ពុជា រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ដោយពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងស្ថានភាពប្រជាជនដែលបាននិងកំពុងរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងទាំងអស់ដែលរងគ្រោះដោយគ្រោះទឹកជំនន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក ដោយធានាថាប្រជាពលរដ្ឋគ្រប់រូបដែលបាននិងកំពុងរងគ្រោះទឹកជំនន់ មានសុវត្ថិភាពគ្រប់គ្រាន់ មានស្បៀងហូបគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យលើទីទួលសុវត្ថិភាព និងមានការថែទាំសុខភាពបានល្អគ្រប់ៗគ្នា ។ រាជរដ្ឋាភិបាលបានខិតខំជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគិតគូជានិច្ចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទ្បើយ ជាពិសេសក្នុងពេលជួបវិបត្តិគ្រោះមហន្តរាយធម្មជាតិនានា ។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលធ្វើការដ៍ជិតស្និទ្ធជាមួយនឹងកាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបណ្តាអង្គការជាតិនិងអន្តរជាតិនានាក្នុងការជួយដោះស្រាយជំនួយមនុស្សធម៌ ដល់ប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិទាំងអស់នោះហើយ រាជរដ្ឋាភិបាលក៍បានគិតគូដល់ការស្តារគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានខូចខាតដោយគ្រោះទឹកជំនន់ ផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ខ្ពស់ជួយដោះស្រាយការលំបាកនានា ដែលបងប្អូនត្រូវបានជម្លៀសមករស់នៅលើទីទួលសុវត្ថិភាព និងណែនាំឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តអនាម័យឲ្យបានល្អ ចៀសវាងជំងឺរាករូស និងការពារប្រុងប្រយ័ត្នកុំឲ្យមានការបាត់បង់ជីវិតកូនៗជាកុមារនៅក្នុងក្រុមគ្រួសារ ។ 
បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងនោះមានអង្ករ ៣០គ.ក្រ, មី១កេស, ត្រីខ១០កំប៉ុង, ភួយ ១, មុង១, សារ៉ុង១ និងក្រម៉ា១សម្រាប់គ្រួសារនិមួយៗ រួមនឹងអំណោយរបស់អង្គការការីតាស កម្ពុជា មានសំពត់តង់១ មុង១ និងភួយ១ បន្ថែមទៀតក្នុង១គ្រួសារ សម្រាប់២៩៧គ្រួសារ នៅឃុំមឿនដែលរងគ្រោះទឹកជំនន់ទន្លេមេគង្គ ។ ដោយទ្បែកស្រុកកោះសូទិន ស្រុកកំពង់សៀម, ស្រុកស្រីសន្ធរ និងស្រុកកងមាស ក៏បានទទួលសំពត់តង់ ៧០ និងភួយ ៧០ ជាអំណោយរបស់អង្គការការីតាស កម្ពុជា ផងដែរ សម្រាប់ស្រុកនិមួយៗដើម្បីយកទៅចែកជូនដល់គ្រួសារដែលរងគ្រោះទឹកជំនន់នៅក្នុងស្រុកទាំងនោះ ៕




































