ក្លិបជើងឯកបារាំង Ligue 1 រដូវកាលចាស់ Paris Saint German (ប៉ារីស សេន ជើមេន) បានស្តារមុខមាត់របស់ខ្លួនឡើងវិញបន្ទាប់ពីប្រកួតឈ្នះក្លិប Bastia (បាស្តៀ) ក្នុងលទ្ធផល ២-០ នៅជុំទី២ ។
ការប្រកួតលេងបានតែ១៥នាទីប៉ុណ្ណោះ កំពូលខ្សែប្រយុទ្ធ Zlatan Ibrahimovic (ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក) ត្រូវបានប្តូរចេញដោយសារតែបញ្ហារបួសហើយជំនួសវិញដោយកីឡាករ Ezequiel Lavezzi (អ៊ីហ្សេឃ្វៀល ឡាវ៉េហ្ស៊ី) ។
ប៉ុន្តែការប្រកួតឈានដល់នាទីទី២៦ កីឡាករ Lucas Moura (លូកាស មូរ៉ា) បានរកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះ Paris (ប៉ារីស) នាំមុខមុន ១-០ ។ លុះការប្រកួតឈានចូលតង់ទី២នៅនាទីទី៥៧ ខ្សែប្រយុទ្ធ Edinson Cavani (អេឌីនសុន កាវ៉ានី) ស៊ុតគ្រាប់ទី២និងជាគ្រាប់ជ័យជម្នះឲ្យ Paris (ប៉ារីស) ។ ចប់ការប្រកួតម្ចាស់ផ្ទះ Paris Saint German (ប៉ារីស សេន ជើមេន) ឈ្នះ Bastia (បាស្តៀ) ក្នុងលទ្ធផល ២-០ ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតកន្លងមក Paris Saint German (ប៉ារីស សេន ជើមេន)កំពុងឈរនៅលំដាប់ទី១ក្នុងតារាងបារាំង Ligue 1 ដោយមាន៤ពិន្ទុហើយនៅយប់នេះក៏មានការប្រកួត៣គូទៀតផងដែរគឺរវាង Marseille (ម៉ាកសី) ជួប Montpellier (ម៉ុងប៉េលីយើ), Saint Etienne (សេន អេសៀន) ជួប Reims (រីម) និង Bordeaux (បកដូ) ប៉ះ Monaco (ម៉ូណាកូ) ៕







































