អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យទីតាំងដីរៀបចំទីលានចាក់សំរាមថ្មី នៅក្នុងស្រុកកំពង់សៀម

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ​អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ បានអញ្ជើញចុះពិនិត្យ​ទីតាំង​ដី​ទំនេរ​មួយ​កន្លែង​ ដេីម្បី​រៀបចំ​ទៅជាទីលាន​ចាក់​សំរាម​ នៅ​ចំណុច​ទួលទល់មេឃ​ ស្ថិត​ក្នុង​ភូមិទួលស្រែ​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

មន្ត្រី​សាលាខេត្ត​ បាន​ឲ្យ​ដឹងថា​​ ការ​ចុះសិក្សាដោយផ្ទាល់ពី​សំណាក់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ដើម្បី​រៀបចំ​ជាទីលានចាក់សំរាមថ្មី​ នៅលើ​ទីតាំង​ដី​គ្រប់គ្រង​ដោយ​រដ្ឋមួយកន្លែង​ ទំហំប្រមាណជិត២០ ហិកតា​ ដែល​មាន​អំណោយផល​ល្អ​ ព្រោះទីតាំងដីនេះនៅឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហេីយទំហំដី​នេះ ក៏ត្រូវ​តាម​ស្តង់ដា របស់​​ម្ចាស់​គម្រោង ADB ​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន​ផងដែរ​ ។

​មន្ត្រី​សាលាខេត្ត​ បាន​ឲ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​ខេត្តកំពង់ចាម​ ​មានទីលានចាក់សំរាមមួយកន្លែង​ ស្ថិត​នៅក្នុងឃុំបុសខ្នុរ​ ស្រុកចំការលើ ខេត្តកំពង់ចាម​ដែលមានទំហំប្រមាណជា១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ ។

គួររំលឹក​ថា​ កន្លងមកឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ​ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាមជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាក្រុង​ស្រុកមួយចំនួន​ ដេីម្បី​ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត​ និងមានបរិស្ថានល្អ ៕