គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានអះអាងថា កីឡាករ Kieran Gibbs នឹងត្រូវអវត្តមានពី២ទៅ៣សប្តាហ៍ដោយសារតែបញ្ហារបួសសរសៃរពួរ ។
ខ្សែការពាររូបនេះបានរងរបួសនៅក្នុងការប្រកួតដំបូងក្នុងក្របខណ្ឌ Premier League របស់ក្លិបកាំភ្លើងធំនៅពេលដែល Arsenal ប្រកួតឈ្នះ Crystal Palace ២-១ នៅក្នុងទឹកដី Emirates កាលពីយប់ថ្ងៃសៅរ៍ ។
បញ្ហារបួសនេះបានបញ្ជាក់ថា Gibbs នឹងត្រូវខកខានមិនបានចូលលេងឲ្យក្លិប Arsenal សម្រាប់ការប្រកួត Champions League ជើងទី១ជាមួយក្លិប Besiktas (បេស៊ីកតាស) នៅប្រទេសទួរគីនិងការប្រកួតក្នុងលីកនៅចុងសប្តាហ៍នេះផងដែរ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Arsenal ក៏ទទួលបានដំណឹងល្អមួយផងដែរ នៅពេលដែលខ្សែការពារ Laurent Koscielny ជាសះស្បើយពីរបួសវិញ ៕







































