ខេត្តសៀមរាប៖ ពលរដ្ឋនៅក្នុងសហគមន៏នៃស្រុកបន្ទាយស្រីប្រមាណជាជាង១០០នាក់បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តសៀមរាប ដើម្បីរង់ចាំតំណាងរបស់ពួកគាត់ចំនួន៧រូបដែលត្រូវតុលាការកោះហៅមកសួរនាំពីករណីរុករានទ្រព្យសម្បត្តិអ្នកដ៏ទៃដែលមានអជ្ញាធរអប្សរាជាដើមបណ្តឹង។ហេតុការណ៍ពលរដ្ឋលើកគ្នាមកការពារតំណាងរបស់ពួកគាត់នៅមុខតុលាការខេត្តសៀមរាបនោះធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែសីហា។
ទំនាស់ដីធ្លីដ៏រាំរ៉ៃមួយរវាងអ្នកភូមិ តានី,ស្គន់,ត្បែងលិច,ត្បែងកើត,ស្នាសង្គ្រាម,នៃ ស្រុកបន្ទាយស្រី ជាមួយអជ្ញាធរអប្សរា បានកើតឡើងអស់រយៈពេលជិត១០ឆ្នាំមកហើយរហូត មកដល់បច្ចុប្បន្ននេះនៅតែមិនទាន់មានដំណោះស្រាយណាមួយនៅឡើយ ប៉ុន្តែជាក់ស្តែងនៅ ព្រឹកថ្ងៃទី២២ខែសីហានេះពលរដ្ឋមានការភ័យខ្លាចស្ថាប័នតុលាការធ្វើការចោទប្រកាន់មកលើ តំណាងរបស់ពួកគាត់ពីបទព្រហ្មទណ្ឌដូចដែលអជ្ញាធរអប្សរាបានប្តឹងនោះមែន ប៉ុន្តែធាតុពិត រឿងនេះជារឿងទំនាស់ដីធ្លីប៉ុណ្ណោះ។
សូមរំលឹកថា តំណាងពលរដ្ឋក្នុងសហគមន៏ដែលត្រូវកោះហៅមកសួរនាំនៅតុលាការ ចំនួន៧រូបមានទី១/ឈ្មោះ ហួន ហ៊ុំ ទី២/ ឈ្មោះ ញឹម សួន ទី៣/ ឈ្មោះ តែម សាល់ ទី៤/ ឈ្មោះ ទូច ទួន ទី៥ / ឈ្មោះ សុត ប៉ុន ទី៦/ ឈ្មោះ ទឹន ពួន និង ទី៧/ ឈ្មោះ ហុប ទូច។ តំណាងពលរដ្ឋម្នាក់ឈ្មោះ ហួន ហ៊ុំ បានរៀបរាប់បានប្រាប់អ្នកកាសែតនៅមុខអាគារតុលាការបន្ទាប់ពីគាត់ចេញពីសវនាការថា បច្ចុប្បន្ននេះតុលាការមិនទាន់សម្រេចទោសមកលើពួកគាត់ទេ ដោយបង្អង់រយៈពេល២ខែទៀត ដើម្បីឲ្យពួកគាត់ទៅដាក់ពាក្យបណ្តឹងព្រោះ រឿងនេះជារឿងទំនាស់ដីធ្លីសុទ្ធសាធ កន្លងមកអាជ្ញាធរអប្សរាបានចុះទៅទិញដីពីពួកគាត់ក្នុង តម្លៃទាបពេក ហើយពួកខ្ញុំក៏ឲ្យអជ្ញាធរអប្សរាដោះស្រាយជាផ្លូវដីឲ្យពួកគាត់
ចំនួន៣៨គ្រួសារ ប៉ុន្តែអជ្ញាធរអប្សរាបានចុះទៅវាស់ដីឲ្យពួកគាត់បានតែ១៣គ្រួសារតែប៉ុណ្ណោះ ដូច្នេះពួកគាត់ មិនអាចទទួលយកនូវដំណោះស្រាយរបស់អជ្ញាធរអប្សរាបានទេព្រោះអីយើងខ្ញុំទាំងអស់គ្នា ជាអ្នករស់នៅក្នុងភូមិទាំងនេះជាយូរយាណាស់មកហើយដោយមិនមែនជាជនចំណាកស្រុក អ្វីនោះទេ។លោករៀបរាប់បន្តទៀតថា ដោយឃើញប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តនាំគ្នាតវ៉ា យ៉ាងដូច្នេះ អជ្ញាធរអប្សរាបានបង្វែរសណុំរឿងទំនាស់ដីធ្លីទៅជារឿងព្រហ្មទណ្ឌវិញ ទើបធ្វើឲ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច នឹង ការបាត់បង់ដីធ្លីផង និង ភ័យខ្លាចជាប់គុកច្រវ៉ាក់ផង។
លោកបន្តថា ដីដែលប៉ះពាល់ទាំងអស់មានចំនួន១០១២ហិចតាដែលអជ្ញាធរអប្សរាប្រមូលទិញពីប្រជាពលរដ្ឋសម្រាប់ទុកចែកឲ្យអ្នករស់នៅតាមមាត់ស្ទឹងសៀមរាប។ ក្រុមប្រជាពលរដ្ឋដែលនាំគ្នាមកមុខតុលាការដើម្បីរងចាំស្តាប់សវនាការនេះ បានទទូច សុំឲ្យស្ថាប័នតុលាការជួយរកយុត្តិធម៌ឲ្យពួកគាត់ដែលជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៥នៃស្រុកបន្ទាយស្រីផង។ ជុំវិញករណីខាងលើនេះដែរ អ្នកយកព័ត៌មានមិនអាចស្វែងរកសុំការបំភ្លឺពីលោក ប៊ុន ណារិទ្ធ អគ្គនាយកអជ្ញាធរអប្សរាបានទេនៅព្រឹកថ្ងៃដដែលនេះដោយទូរស័ព្ទរបស់នៅក្រៅតំបន់សេវា៕