បន្ទាយមានជ័យ៖មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបាននឹងកំពុងអនុវត្តគម្រោងកីឡាក្នុងស្មារតី២ គឺគម្រោងបែបអភិរក្សកីឡាប្រពៃណី និងទី២ គម្រោងបែបអភិវឌ្ឍន៍កីឡាសម័យ ហើយបានប្រគល់ជូនមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនាថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ដើម្បីដំណើរអោយសិស្សានុសិស្សបានប្រើប្រាស់ក្នុងវិស័យកីឡា។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់ថា ៖ ផ្នែកគម្រោងអភិរក្សកីឡា មកទល់ពេលនេះ មន្ទីរបានតម្លើងរួចហើយនូវសង្វៀនកីឡាប្រដាល់សម្រាប់កីឡាករទម្ងន់៤៥គីឡូក្មរាចំនួន ១ ហើយរក្សាទុកនៅក្រោមរោងក្នុងបរិវេណមន្ទីរ ព្រោះជារដូវភ្លៀងធ្លាក់ ។
លោកបានបន្តថា ៖ ចំពោះគម្រោងកីឡាបែបអភិវឌ្ឍន៍ មន្ទីរបាននឹងកំពុងអនុវត្តការសាងសង់ទីលានកីឡាបាល់ទាត់ស្មៅសិប្បនិម្មិត ចំនួន២តារាង ។ទីមួយនៅវិទ្យាល័យសម្តេចឱ នាភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជិតជើងភ្នំស្វាយ ដែលមានទំហំ៩៣ម៉ែត្រគុណ៤៨ម៉ែត្រដែលអាចខ័ណ្ឌបែងជា៤តារាងហ្វូតសាល(FootSal) ។ និងទីពីរនៅវិទ្យាល័យហ៊ុនសែនខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ (ជាប់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ដែលមានទំហំ៥៣ម៉ែត្រគុណ៤៧ម៉ែត្រ ដែលអាចខ័ណ្ឌបែងចេកជា២ តារាងហ្វូតសាល(FootSal) ។
លោកបានបន្តថា ៖ គម្រោងតារាងបាល់ទាត់នេះ បានដំនើរការសាងសង់ពីចុងខែសីហាមក ហើយបើគ្មានអ្វីប្រែប្រួលទេ នឹងរួចរាល់នៅអំឡុងថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ ។នេះជាគម្រោងរបស់មន្ទូីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យដោយប្រើប្រាសថវិកាជាតិឆ្នាំ២០២១ ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរបានចុះពិនិត្យ វាយតម្លៃពីដំណើរការអនុវត្តដែលប្រើថវិការដ្ឋក្នុងគម្រោងរបស់មន្ទីរសម្រាប់ឆ្នាំ២០២១ ។ចំពោះការប្រើប្រាស់ លោកប្រធានមន្ទីរថា តារាងនេះអាចអនុញ្ញាតិអោយធ្វើជាកន្លែងហ្វឹកហាត់ផងនិងកន្លែងប្រកួតផង ។
ហើយស្មៅសិប្បនិម្មិតនេះ អាចងាយប្រើប្រាស់ ចំណាយថែទាំនិងថេរវេលាបានល្អជាងតារាងស្មៅធម្មជាតិ ៕ដោយ៖ឃិន គន្ធា





































