មនុស្ស៧នាក់ បានស្លាប់ភ្លាមៗក្នុងហេត្ការណ៍ក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹក

(ខេត្តកំពត)៖ មនុស្សប្រុស-ស្រី ៧នាក់ បានស្លាប់ភ្លាមៗក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹក កាលពីវេលាម៉ោង២និង៤៥នាទី រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ដោយគ្រោះថ្នាក់នេះបានកើតឡើងត្រង់ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៤១។

ជុំវិញករណីគ្រោះថ្នាក់ខាងលើ លោក ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានឱ្យដឹងថា សោកនាដកម្មបណ្តាលឱ្យមនុស្សក្មេង ចាស់ ប្រុស ស្រី ស្លាប់ដ៏រន្ធត់នេះ គឺផ្តើមឡើងដោយសាររថយន្តឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ តាកែវ2A-1452 បើកបរលឿនហើយក្រឡាប់ធ្លាក់ចូលក្នុងទឹកមានជម្រៅ។ ដោយមុនពេលមានហេតុការណ៍ដ៏អាក្រក់កើតឡើង គេឃើញរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងខាងលើ ធ្វើដំណើរពីស្រុកជំុគិរី តាមដងផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើងទៅត្បូងដោយមានមនុស្សប្រុស ស្រី ចំនួន៧នាក់ រាប់ទាំងតែកុងផងជិះក្នុងរថយន្តនោះ។លោកបានបញ្ជាក់ថា ចំពោះករណីបណ្តាលឱ្យរថយន្តក្រឡាប់បែបនេះ បើតាមការសន្និដ្ឋានអាចបណ្តាលមកពីរថយន្តបែកកង់មុខ ហើយអ្នកបើកបរជាន់ហ្វ្រាំងបង្ខំ ទើបធ្វើរថយន្តរេមកខាងស្តាំដៃ រួចក្រឡាប់ធ្លាក់ក្នុងទឹកប្រឡាយ បណ្តាលឱ្យមនុស្សប្រុស-ស្រី ទាំង៧នាក់ ដែលជិះក្នុងរថយន្តស្លាប់គ្មានសល់ម្នាក់បែបនេះ។

លោកអធិការ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ មានចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ប៉ុន្តែស្គាល់អត្តសញ្ញាណតែ៥នាក់ ដែលរស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត៖ ១-ឈ្មោះ ស្រេ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ(ប្តី),២-ឈ្មោះ វ៉ាន់ សូរិយា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធ) ,៣-ឈ្មោះ វ៉ាន់ ណារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ ,៤-ឈ្មោះ ស្រេ ចាន់ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ ,៥-ឈ្មោះ ស្រេ សុវណ្ណនីតា ភេទស្រី អាយុ២ឆ្នាំ។ដោយឡែក សពជនរងគ្រោះ២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែគេដឹងថាជនរងគ្រោះមកពីខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នសពជនរងគ្រោះទាំង៧នាក់ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅស្រុកជុំគិរី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ