ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផ្តាំផ្ញេីដល់មន្ត្រីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សដោយឈរលើទស្សនៈ ពង្រឹងចាស់បង្កើតថ្មី និងត្រូវធ្វើអំពើល្អទៅលើប្រជាជន

កំពង់ចាម : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កំពង់ចាម បានផ្តាំផ្ញើដល់មន្ត្រីគណបក្សប្រជាជន ឲ្យបន្តអនុវត្ត
គោលការណ៍គ្រឹះរបស់គណបក្ស ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សដោយឈរលើទស្សនៈ ពង្រឹងចាស់បង្កើតថ្មី និងត្រូវធ្វើអំពើល្អទៅលើប្រជាជន មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងបរិវេណសួនក្រញូង នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាសមរភូមិដែលមន្ត្រីគណបក្សត្រូវបន្តការគ្រប់គ្រងឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាម ពីព្រោះការបោះឆ្នោតឃុំសង្កាត់លើកទី៥នេះ គឺជាមូលដ្ឋានគ្រឹះដែលនឹងមានឥទ្ធិពលដល់ការរៀបចំបោះឆ្នោតជាតិ ឆ្នាំ២០២៣។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានឃើញការពិតយ៉ាងច្បាស់ថារយៈពេលជាង៣០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសពុះពារជម្នះនូវឧបសគ្គ និងការលំបាកផ្សេងៗរាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលនាំប្រទេសជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុតមកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម។ទន្ទឹមនិងនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដក្នុងការដឹកនាំនិងកសាងប្រទេសជាតិយើងដែលនេះគឺជា ប្រវត្តិសាស្ត្រមួយដែលគ្មាននរណាម្នាក់ដែលអាចមើលរំលងបានឡេីយ ៕