ឯកឧត្តម សុខ សំណាង អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិនអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យមើលសកម្មភាពជាងចាក់បេតុងធ្វើផ្លូវក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០២១ នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឯកឧត្តម សុខ សំណាង អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន រួមដំណើរដោយលោក លោកស្រីអនុប្រធានក្រុមការងារចុះជួយឃុំភ្នំដិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យមើលសកម្មភាពជាងចាក់បេតុងធ្វើផ្លូវក្នុងភូមិទទឹង ០១ខ្សែមានប្រវែងចំនួន ៣១៥ម៉ែត្រ ទទឹងចំនួន ៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សរុបអស់ចំនួន១៦០,៩៧០,០០០៛(មួយរយហ៊ុកសិបលានកៅសិបប្រាំពីរម៉ឺននរៀល) ដោយឡែកថវិកាបឧត្ថម្ភផ្ទាល់ខ្លួនរបស់ឯកឧត្តមប្រធានក្រុមការងារ ចំនួន ៤,៤៥០,០០០៛ (បួនលានសែសិបប្រាំម៉ឺនរៀល) សម្រាប់ជួសជុលផ្លូវក្រៅគំម្រោងប្រវែងចំនួន ១៥ម៉ែត្រ ចូលក្នុងភូមិប្រចាំឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមការងារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ ឯកឧត្តម សុខ សុកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកគិរីវង់ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងប្រធានគណៈបក្សខេត្តខេត្តតាកែវ។ ទន្ទឹមនឹងនោះឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារជាង ត្រូវធ្វើទៅតាមលក្ខណៈបច្ចេកទេសស្តង់ដា ព្រមទាំងក្រើនរំលឹកបន្ថែមដល់សមាជិក សមាជិកា ទាំងអស់ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩)ត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល នឹងជាពិសេសនូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕