អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព

ត្បូងឃ្មុំ​:​ ក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ​ ​នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធនានានៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានស្រុក/ក្រុងទាំង៧ ក៏ដូចជា កងកម្លាំងនគរបាលប្រចាំការនៅច្រកព្រំដែន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព ។ ក្នុងនោះដែរស្ថាប័នតុលាការ និងអាយ្យការ​ គឺដើរតួរយ៉ាងសំខាន់ ក្នុងការអនុវត្តទោសទណ្ឌដល់បុគ្គលជាមេខ្លោង និងមេខ្យល់ ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ពិសេសអំពើជួញដូរមនុស្សដោយត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ តាមទោសដែលបានចែងក្នុងនិតិវិធីនៃច្បាប់ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសរាងចាល ។

 

 

ថ្លែងនាឱកាសនោះដែរ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បាន​ជំរុញ​ដល់​ថ្នាក់ក្រុង_ស្រុក និងឃុំ-សង្កាត់ បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ជៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះ ដោយអំពើជួញដូរមនុស្ស ។ ទន្ទឹមនេះដែរ អាជ្ញាធរស្រុក ក្រុង ត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅ តាមដានមូលដ្ឋាន ដែលមានកូនចៅ ទៅធ្វើការនៅ ខេត្តផ្សេង ពិសេសទៅធ្វើការនៅក្រៅ​ប្រទេស​ ទាំងមានច្បាប់និងអត់ច្បាប់ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអំពើជួញដូរមនុស្ស។

 

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាប ដើម្បីទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រីនិងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅទូទាំងខេត្ត យ៉ាងមានប្រសិទ្ធភាព៕