កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រជុំដោះស្រាយសម្របសម្រួលទំនាស់ បើកផ្លូវ ស្ថិតក្នុងភូមិ ព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលគូភាគី ទាំងសងខាង ជាសាច់ញាតិសន្ដានជាមួយគ្នា ហើយបាន ប្ដឹងផ្ដល់គ្នា ដើម្បីសុំឲ្យមានការបើកផ្លូវចូលដីលំនៅដ្ឋាន និងដីចំការ របស់ពួកគាត់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានសម្របសម្រួលដោះស្រាយ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយស្នើសុំឲ្យគូភាគីទាំងសងខាង យោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្ត នឹងចូលរួម រកវិធីរៀបចំបើកផ្លូវនេះឲ្យបាន សម្រាប់ជាប្រយោជន៍ ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល អាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់នឹង ផ្លូវមួយចំនួនទៀតទុកចូលទៅចំការ ។
ដោយគូភាគី បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត ហេីយឯកឧត្តមក៏បាន ចាត់ឲ្យ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ ចុះទៅទីតាំងដីពិនិត្យជាក់ស្តែង ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ដើម្បីបើកផ្លូវនេះ ទទឹងយ៉ាងតិច៣ម៉ែត្រ ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ដ បានផ្ដាំផ្ញើឲ្យគូភាគីដែលជាញាតិសន្ដាននឹងគ្នា ឲ្យឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ ក្នុងនាមជាញាតិសណ្តាន រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ។ ហើយម្យ៉ាងវិញទៀត ក្នុងតំបន់នោះកំពុងមានការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ឯកឧត្ដមបានបញ្ជាក់ថានៅពេលមានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ស្នើឲ្យជំនាញ បន្តវាស់វែងលក្ខណៈជាប្រព័ន្ធ ដើម្បី បានធ្វើប្លង់កម្មសិទ្ធិសម្រាប់ពួកគាត់ ឲ្យបានឆាប់ និងទាន់ពេលវេលាផងដែរ ៕





































