សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាវរងារជូនដល់កងទ័ពជួរមុខ ប្រចាំព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា

0

ខេត្តឧត្តរមានជ័យ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពកងពលតូចថ្មើជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទទួលបានអាវរងារពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ពាក់ ដើម្បីកាត់បន្ថយ និងទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង គ្រាដែលរដូវរងារកំពុងឈានចូលមកដល់ និងក្នុងពេលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

អាវរងារជាង ១ពាន់អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនតាមរយៈ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម នោះ នៅថ្ងៃទី១៥វិច្ឆិកាម្សិលមិញនេះ លោកឧត្តមសេនីយ៍មេបញ្ជាការការកងពល បានចាត់លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ នាំយកអាវរងារ ១ពាន់ ៤៣២អាវ មកចែកជូនកងទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ ដែលនាយនិងពលទាហានទាំងអស់ មកពីគ្រប់បណ្តាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ នៃខេត្តឧត្តរមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត ក្នុងនាមកងទ័ពនៅក្នុង អង្គភាពកងពលតូចថ្មើជើងលេខ៤១ ប្រចាំព្រំដែនទាំងអស់ បានថ្លែង ដោយសម្តែង នូវសមានចិត្តថ្លែងអំរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក”សន្តិភាព” និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរពីភាពសុខទុក្ខ និងការរស់នៅរបស់កងទ័ព រួមទាំងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន គ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត​ បានបញ្ជាក់ថា ជានិច្ចកាលនៅក្នុងរដូវរងារ សម្តេចទាំងពីរ តែងបានជួយឧបត្ថម្ភអាវរងារ និងនៅក្នុងរដូវវស្សា ជួយឧបត្ថម្ភអាវភ្លៀង ជាពិសេស សម្តេចបានជួយឧបត្ថម្ភថវិកា និងសភារៈផ្សេងៗជាច្រើនទៀត ហើយអំណោយទាំងនេះ សុទ្ធតែត្រូវបានបញ្ជូនដល់ដៃ កងកម្លាំងគ្រប់កងឯកភាពភ្លាមៗ ផងដែរ ៕ ដោយ៖ឡុង សំបូរ