ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ដឹកនាំកិច្ចប្រជុំការងារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២១

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ចូលរួមពីអភិបាលរងខេត្ត និងលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។ 

ដោយរដ្ឋបាលខេត្តកំពង់ចាម បានកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ និង​សម្រេចយកវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ធ្វើជាមណ្ឌលប្រឡង

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​រៀបចំ​ពង្រឹង​ការងារសន្តិសុខខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ដោយឡែក​បេក្ខជន​ប្រឡង​សូមឲ្យយកកាតចាក់វ៉ាក់សាំងមកជាមួយផង ចំពោះ​អ្នក​ពុំមនកាតចាក់វ៉ាក់សាំង​ មិន​ត្រូវ​អនុញ្ញាត​ឲ្យចូលប្រឡងឡេីយ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​អនុរក្ស សូម​ឲ្យ​មើលបេក្ខជន និង​ត្រូវ​ធ្វើជាគំរូល្អ ព្រោះនេះជាលើកទីមួយ​ ដែលប្រឡងនៅក្នុងខេត្តកំពង់ចាម​ ដូច្នេះ​ត្រូវ​រក្សាសេចក្តីថ្លៃថ្នូរជាអនុរក្សផង​ ។ 

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ជំរុញ​ឲ្យ​មានការលើកទឹកចិត្តដល់មន្ត្រីកិច្ចសន្យា ក្នុងការប្រឡង ត្រូវ​ប្រឹងសរសេរ និង​បំពេញ​ឲ្យ​ត្រូវ​ ឲ្យបានច្រើន​ផងដែរ​ ៕