ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង មានកម្លាំងយោធាការពារព្រំដែន កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រមាណ ៨០នាក់ បានបើកប្រតិបត្តិការរុករកទណ្ឌិត ២នាក់ ក្នុងចំណោម ៥នាក់ ដែលចាប់ខ្លួនបានកាលពីសប្តាហ៍មុននេះ នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដែលទណ្ឌិតទាំង២នាក់នេះ ត្រូវចាប់ខ្លួនបាននៅម៉ោង១១ និង១០នាទី ថ្ងៃទី១៧ វិច្ឆិកាឆ្នាំ ២០២១នេះ នៅចំណុចកោះហឹប ស្ថិតនៅក្នុងភូមិកោះហឹប ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ ។
មន្ត្រីយោធាការពារព្រំដែន បានបា្រប់ឲ្យដឹងថា ក្រោយការតាមរុករក និងចាប់ខ្លួនទណ្ឌិតបាន ៥នាក់ ក្នុងចំណោម ៧នាក់ ដែលលួចហែកគុករត់គេចខ្លួន នៅជាង ២សប្តាហ៍មុននេះ នៅក្នុងថ្ងៃ១៧វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត មានទាំងមន្ត្រីពន្ធនាគារខេត្តផងនោះ បានសហការរួមគ្នា តាមរុករកឃើញ និងចាប់ខ្លួនបានទណ្ឌិត ២នាក់ បន្ថែមទៀត ដែលធ្វើឲ្យចំនួនទណ្ឌិត ៧នាក់ ដែលហែកគុករត់គេចខ្លួនប្រមាណ ១០ថ្ងៃមុននេះ ត្រូវបានចាប់ខ្លួនបានមកវិញហើយ នៅក្នុងថ្ងៃនេះ ។
ទណ្ឌិត ២នាក់ ចុងក្រោយ ដែលចាប់ខ្លួនបានមកវិញនៅក្នុងថ្ងៃនេះ ១.ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ជនជាតិឡាវ អត្តលេខ ST001626 ជាប់ចោទពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧ និង ២.ឈ្មោះ សៀន ខន ជនជាតិឡាវ ជាប់ចោទពីបទ «ជួញដូរគ្រឿងញៀន» ត្រូវចាប់ខ្លួនបានកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ។ គិតមកដល់ឆ្នាំ២០២១នេះ ទណ្ឌិតទាំង ២នាក់ ដែលចាប់ខ្លួនបានចុងក្រោយនេះ គឺបានអនុវត្តទោសបាន ៥ឆ្នាំហើយ នៃចំនួនទោសដែលត្រូវជាប់ ។ ខណៈនេះទណ្ឌិតទាំង ២នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រង ពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
គួររំលឹកថា មានអ្នកទោស ៧នាក់ កាលពីយប់ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ បានធ្វើសកម្មភាពវាយទម្លុះរបងថ្មពន្ធនាគារខេត្ត រត់គេចចេញដោយសុវត្ថិភាព ។ ក្រោយការរត់គេចរបស់ទណ្ឌិតទាំង ៧នាក់នោះមក កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានសហការរួមគ្នា ដោយបើកប្រតិបត្តិការតាមរុករក និងតាមចាប់ខ្លួនបានជាបន្តបន្ទាប់ និងនៅថ្ងៃទី១៧វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត បានតាមរុកករ ប្រមាញ់ និងចាប់ខ្លួនបានទណ្ឌិត ២នាក់ បន្ថែមទៀត ដែលធ្វើឲ្យចំនួនទណ្ឌិតទាំង ៧នាក់ ដែលលួចហែកគុករត់គេចខ្លួននោះ ត្រូវបានចាប់ខ្លួនមកវិញទាំង ៧នាក់ហើយ នៅក្នុងថ្ងៃនេះ។ ទណ្ឌិតទាំង ៧នាក់នោះ ៣នាក់ជាជនជាតិខ្មែរ ,១នាក់ ខ្មែរកាត់ឡាវ និង ៣នាក់ទៀត ជាជនជាតិឡាវ ។
ពាក់ព័ន្ធនឹងករណីរ ទណ្ឌិតទាំង ៧នាក់ ហែកគុករត់គេចខ្លួននេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅប៉ុន្មានថ្ងៃមុននេះ បានដាក់ចេញនូវបទបញ្ជាមួយយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឲ្យមានការចុះធ្វើអធិការកិច្ច លើករណីអ្នកទោសទាំង ៧នាក់ ហែកគុកខេត្តស្ទឹងត្រែង រត់គេចខ្លួននោះ ហើយរហូតមកទល់នឹងពេលនេះ គេក៏នៅមិនទាន់ដឹងទេថា ការចុះធ្វើអធិការកិច្ចនេះ នឹងទទួលបានលទ្ធផលយ៉ាងណានៅឡើយនោះទេ ? ៕ ដោយ៖ឡុង សំបូរ