កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យការរៀបចំ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ជាកិត្តិយសណាស់សម្រាប់ខេត្តកំពង់ចាម ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាពកម្ពុជា- ចិន ស្ទឹងត្រង់ ក្រូចឆ្មា និងសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ ៧១C ចេញពីឃុំស្វាយទាប ស្រុកចំការលើ ឆ្ពោះទៅដល់ទីរួមខេត្តត្បូងឃ្មុំតែម្ដង ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដូច្នេះដើម្បីឆ្លើយតបទៅនឹងការផ្ដល់កិត្តិយស របស់សម្ដេចតេជោ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ពានមិត្តភាពស្ទឹងត្រង់ក្រូចឆ្មានាពេលឆាប់ៗខាងមុខនេះ ៕





































