ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានចាត់តាំងលោកវរសេនីយ៍ឯក ចាន់ បូរ៉ា មេបញ្ជាការងកងពលតូច និងជាមេបញ្ជាការវរសេនាតូចលេខ២៨៣ ដឹកនាំកម្លាំងយោធិននៃកងអនុសេនាធំទី១ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២១ នេះ។
មន្ត្រីយោធានៅក្នុងសកម្មភាពប្រមូលផលស្រូវជូនប្រជាពលរដ្ឋ បានឲ្យដឹងថា ស្រូវប្រាំងដែលកម្លាំងយោធិនចុះជួយច្រូតកាត់ប្រជាកសិករនោះ មានជាច្រើនហិចតា ប៉ុន្តែ លទ្ធផលដែលសម្រេចបាននាថ្ងៃនេះ មានផ្ទៃដីស្រូវស្រែប្រមាណ ៦ហិចតា ហើយកម្លាំងយោធិន នឹងបន្តចុះជួយច្រូតកាត់ស្រូវប្រាំងប្រជាពលរដ្ឋ ដែលកំពុងខ្វះកម្លាំងប្រមូលផលស្រូវនោះជាបន្តបន្ទាប់ទៀត ។
ប្រជាពលរដ្ឋម្ចាស់ស្រែ បានសំដែងនូវការគោរពថ្លែងអំណរគុណជាពន្លឹក ចំពោះមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះអង្គភាពយោធភូមិភាគទី១ ដែលបានចាត់កម្លាំងចុះជួយច្រូតកាត់ស្រូវដែលកំពុងទុំដួលរាបពេញស្រែ ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនប្រជាកសិករ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ក្នុងការច្រូតកាត់ ប្រមូផលស្រូវ ឲ្យបានទាន់ពេលវេលា៕ ដោយ៖ឡុង សំបូរ