រាជធានីភំពេញ ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» ដែលការស្នើរបស់សម្តេច បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
មូលហេតុដែលនាំឱ្យមានការស្នើឱ្យមានការនិពន្ធចម្រៀងមួយបទនេះ គឺបានផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលចៅស្រីអន់ចិត្តអ្វីមួយ។
តាមបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ»។
សម្តេចតេជោបានបន្តថា៖ «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»៕