រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំប្រតិភូ ទៅចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅទីក្រុង Dubai នៅថ្ងៃស្អែកនេះ

0

រាជធានីភ្នំពេញ ៖  រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកបណ្ឌិត ថោង ខុន និង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ នឹងអញ្ជើញដឹកនាំប្រតិភូ ទៅចូលរួមមហាសន្និបាត គណៈកម្មាធិការអូឡាំពិកអាស៊ី លើកទី៤០ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយកម្ពុជា នឹងចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះ ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Olympic Games 2029)។

អគ្គលេខាធិការ NOCC ​លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ដ្រី ថោង ខុន និងលោក ឃួង ស្រេង អមដំណើរដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូមួយចំនួនទៀត នឹងចេញដំណើរពីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ដើម្បីចូលរួមមហាសន្និបាតលើកទី៤០ របស់គណៈកម្មាធិការអូឡាំពិកអាស៊ី នាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

លោក វ៉ាត់ ចំរើន បានបន្តថា អ្វីដែលពិសេស ក្នុងមហាសន្និបាតនាទីក្រុងឌូបៃនេះ ថ្នាក់ដឹកនាំប្រតិភូកម្ពុជា នឹងធ្វើការចុះហត្ថលេខាជាមួយគណៈកម្មាធិការអូឡាំពិកអាស៊ី ដើម្បីទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅប្រទេសកម្ពុជា ដោយលោកបណ្ឌិត ថោង ខុន នឹងធ្វើការចុះហត្ថលេខា ក្នុងនាមជាម្ចាស់រៀបចំព្រឹត្តិការណ៍ គ្រាដែលលោក ឃួង ស្រេង នឹងធ្វើការចុះហត្ថលេខា ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ត្រូវបានកំណត់រៀបចំ ៤ឆ្នាំម្ដង ដោយមានសមាជិក ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួម ខណៈការប្រកួតឆ្នាំ២០២១ នៅទីក្រុង Shantou ប្រទេសចិន ត្រូវបានពន្យារពេលមកធ្វើនៅឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ មុនព្រឹត្តិការណ៍លើកទី៤ ដែលគ្រោងរៀបចំនៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២៥ និងឆ្នាំ២០២៩ ត្រូវនឹងលើកទី៥ ដែលត្រូវរៀបចំនៅកម្ពុជា៕