កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្ត ដឹកនាំដោយលោកវរសេនីយ៍ ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង និងអកងរាជអាវុធហត្ថស្រុករលាប្អៀរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធក្នុងករណីលួចទូរសព្ទដៃ គ្រឿងអលង្ការ និងទទួលផលចោរកម្ម ។
លោកវរសេនីយ៍ ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡា សិកគ្រី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធក្នុងករណីលួចទូរសព្ទដៃ គ្រឿងអលង្ការ និងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២១ វេលាម៉ោង០៤:១៥នាទី ស្ថិតនៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងភូមិពពាលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ឈ្មោះ សុខ ម៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅភូមិឃ្លាំងប្រាក់.សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ឡាំ សុគ្រី ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង។ឈ្មោះ វង្ស សេរីម៉េង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិពពាលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០៣គ្រឿង
និង ម៉ូតូចំនួន០៦គ្រឿង។
បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកមេរោគកូវីត19លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។





































