ព័ត៌មានគឺជាសារជាតិដ៏ពិសេសមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយរបស់សង្គមជាតិ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បានមានប្រសាសន៍បែបនេះ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» ។

ពិធីបើកសិក្ខាសិលានេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាង ផងនដែរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤វិច្ឆិកា ដល់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចូលរួម ១៨០នាក់ មកពីខេត្ត ៤ នៃភាគឥសាន្តកម្ពុជា គឺខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ព័ត៌មានគឺជាសារជាតិពិសេសមួយ  ក្នុងកិច្ចចូលរួមថែរក្សាសន្តិភាព  និងស្ថេរភាពនយោបាយរបស់សង្គមជាតិ ហើយព័ត៌មានត្រូវស្ថិតក្នុងវិន័យ  និងចរាចរណ៍ចេញពីប្រភពផ្លូវការ  ទៅដល់សាធារណ:ជន   ដើម្បីការយល់ដឹង  និងការចូលរួម  ក្នុងកិច្ចកសាងនីតិរដ្ឋ  និងការទទួលខុសត្រូវ  ស្របតាមនយោបាយអភិបាលកិច្ចល្អ  នៃយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបន្តថា សិក្ខាសាលានាថ្ងៃនេះ  មានគោលបំណងស្នូល  ក្នុងការចែករំលែកនូវទស្សនទាន  យន្តការ  និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ  ក្នុងទិសដៅកសាងឱ្យបាននៅអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ  ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលឱ្យកៀកប្រជាពរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់តាមមូលដ្ឋាន និងការចូលរួមអនុវត្តជាក់ស្តែងផងដែរ   នូវស្មារតី  និងខ្លឹមសារ  នៃអន្តរក្រសួង  រវាងក្រសួងមហាផ្ទៃ  និងក្រសួងព័ត៌មាន  ស្តីពី”តួនាទី  ភារកិច្ចរបស់មន្ត្រី  ទទួលបន្ទុកព័ត៌មានរដ្ឋបាល  រាជនាធី  ខេត្ត   ចុះថ្ងៃទី២៦  ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ។

លោក ផៃ ស៊ីផាន បានថ្លែងចាត់ទុក ព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច   ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន   តាមស្មារតីនៃគោលនយោបាយវិមជ្ឈការ  និងវិសហមជ្ឈការ   ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់   ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ  និងប្រសិទ្ធភាពក្នុងការដឹកនាំមូលដ្ឋាន  ដោយការបង្ហាញចេញនូវដំណោះស្រាយ នៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន   ទាំងដោយផ្ទាល់  តាមរយ:ការធ្វើវេទិការសាធារណ:  និងដោយប្រយោល  តាមរយ:ប្រព័ន្ធផ្សព្វផ្សាយ   ដែលមានមន្ទីរជំនាញចូលរួមសហហការយ៉ាងជិតស្និទ  ក្នុងកិច្ចក្តោបក្តាប់  និងគ្រប់គ្រងមតិសាធារណ:  ឆ្ពោះទៅរកប្រសិទ្ធភាព  ឯកភាព  និងសាមគ្គីភាព រវាងរាស្ត្រ  និងរដ្ឋ  ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន  មកកាន់ថ្នាក់ជាតិ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង  បានថ្លែងថា  វិស័យព័ត៌មាន  គឺជាកម្មវត្ថុដ៏មានសារ:សំខាន់ដែលមិនអាចខ្វះបាន  ស្ថិតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០  និងយុគសម័យបច្ចេកវិទ្យាឌីជីថល  ដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ។ លោកបន្តទៀតថា រដ្ឋបាលខេត្ត នឹងពង្រឹងការគ្រប់គ្រងព័ត៌មាន  ដែលបានផ្សព្វផ្សាយចេញ  ដើម្បីឈានទៅកាត់បន្ថយឱ្យបានដល់កម្រិតអប្បបរមា ចំពោះព័ត៌មានប្រឌិត និងបន្តពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន តាមរយ:ការផ្តល់ឱកាសក្នុងការសិក្សា ដើម្បីពង្រីកចំណេះដឹង និងបន្ថែមឱ្យបានច្រើន   លើកទឹកចិត្ត  គាំទ្រនូវឧបករណ៍សម្ភារ:បច្ចេកទេស  និងមធ្យោបាយសមស្រប ដើម្បីធានានិរន្តរភាព ប្រតិបត្តិការការងារប្រចាំថ្ងៃ។ លើសពីនេះទៀត រដ្ឋបាលខេត្ត នឹងខិតខំរៀបចំពង្រឹងសន្តិសុខព័ត៌មាន ដែលរដ្ឋបាលថ្នាក់នីមួយៗ   និងមន្ទីរ អង្គភាពជំនាញ បានរៀបចំ  និងផ្សព្វផ្សាយឱ្យចំគោលដៅ  ដើម្បីទទួលបានការគាំទ្រពីមហាជនទូទៅ ៕ ដោយ៖ឡុង សំបូរ