ក្រសួងសាធារណៈការ និងដឹកជញ្ជូន បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តឧត្ដរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី បានអញ្ជើញជាអធិបតីក្នុងពិធី បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២១។ ពិធីនេះទៀត ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ,អភិបាលរងខេត្តឧត្តរមានជ័យ លោក លឹម សុខតូ មន្ត្រីខេត្ត និងក្រុង ផងនោះដែរ។

លោកស្រី មឹន មាណវី បានមានប្រសាសន៍ថា ការរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺជាការពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យស្ថិតមកនៅកម្រិតទាបបំផុត។

លោកស្រី រដ្ឋលេខាធិការក្រសួង បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ដែលបានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ា ឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ​ លោក ឈឿង ផល្លៀង បានបញ្ជាក់ថា គិតត្រឹមខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បានធ្វើការរឹតបន្តឹង ដោយចុះអនុវត្តជាប្រចាំ នៅលើដងផ្លូវជាតិ ៦៨ សម្រេចបានលទ្ធផល ដូចជា បានត្រួតពិនិត្យរថយន្តសរុប ចំនួន ៦៩ គ្រឿង ក្នុងនោះ រថយន្តត្រឹមត្រូវ ៣១ គ្រឿង ,រថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស ២៩ គ្រឿង ,ប្រើប័ណ្ណបើកបរខុសប្រភេទយានយន្ត ២ គ្រឿង និងរថយន្តខ្វះឯកសារ ២គ្រឿងផងដែរ៕ ដោយ៖ឡុង សំបូរ