(កំពង់ធំ)៖លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើឲ្យក្រុមហ៊ុនសាងសង់ទាំងសំណង់អាគារនិងសាងសង់ផ្លូវត្រូវមានគុណភាព
លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកជំទាវចុះពិនិត្យវាយតម្លៃការសាងសង់អាគារអាជ្ញាធរសំបូរព្រៃគុកការងារសាងសង់សាកលវិទ្យាល័យតេជោសែនកំពង់ធំនិងការសាងសង់ផ្លូវវាងតំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
នៅក្នុងការចុះត្រួតពិនិត្យលោកស្រីបានលើកឡើងថាការរៀបចំធ្វើការសាងសង់សូមឱ្យមានគុណភាពដោយអនុលោមរូបភាពទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នារួចហើយ ។
ក្នុងនោះដែរគឺមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណអាជ្ញាធរព្រៃគុកដែលមានអាគារស្នាក់ការ១ខ្នង របងព័ទ្ធជុំវិញ មួយទៀតអាគារសាកលវិទ្យាល័យតេជោសែនកំពង់ធំមានការសាងសង់អគារ២ខ្នង៣ ជាន់ គឺអាគារ(A)និងងាគារ(C) មានរបងព័ទ្ធជុំវិញមានស្រះទឹក អន្តេវាសិកដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
លោកស្រីបន្តថាការសាងសង់អគារទាំងពីរនេះត្រូវបានរៀបចំលើផ្ទៃដីចំនួន២៥ ហិកតាក្នុងនោះការសាងសង់អាគារគាអាជ្ញាធរព្រៃគុកមានផ្ទៃដី ៥ ហិចតានិងសាកលវិទ្យាល័យតេជោសែនកំពង់ធំមាន ២០ ហិចតា ដោយវគ្គទី ១ អនុវត្តគម្រោងរយៈពេល ២ ឆ្នាំដោយចាប់ពីខែមិថុនា ២០២០ រហូតដល់ ខែមិថុនាឆ្នាំ២០២២ ដែលសាងសង់ដោយក្រុមហ៊ុនលីឈួងសំណង់អាហរ័ណនីហរ័ណ។
ដោយឡែកការសាងសង់ផ្លូវវាងប្រាសាទសំបូរព្រៃគុកមានប្រវែង ១៣,៤៩ គីឡូម៉ែត្រនិងទទឹង ១១ម៉ែតក្នុងនោះត្រូវចាក់កៅស៊ូប្រភេទអាសេចំនួន ៩ ម៉ែត្រកំរាស់ ៩ ហ៊ុនហើយមានស្ពានលូដែលបានកំណត់រួចមកហើយដែលសាងសង់ដោយអាជ្ញាធរសំបូរព្រៃគុក។
ការសាងសង់វាងផ្លូវនេះគឺចាប់ផ្ដើមចេញពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្ក មកដល់ភូមិត្រពាំងជ្រូកឃុំសំបូរ ស្រុកប្រាសាទសំបូរដើម្បីវាងប្រាសាទសំបូរព្រៃគុកកុំឲ្យរថយន្តធំៗដឹកទំនិញចេញចូលនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ហើយការសាងសង់ទាំង ៣ គម្រោងខាងលើនេះគឺប្រើប្រាស់ថវិកានៅថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានេះដែរលោកស្រី ភឿង សកុណា បានជំរុញឲ្យក្រុមការងារត្រូវឧស្សាហ៍ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសដើម្បីរកឲ្យឃើញនូវគុណភាពដើម្បីប្រើប្រាស់បានយូរអង្វែងនិងសម្រាប់ក្មេងជំនាន់ក្រោយបានឃើញទាំងការសាងសង់អាគារ ហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវជាដើម ។





































