សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រគល់ផ្ទះថ្មីចំនួន៥ខ្នង ជូនគ្រួសារងាយរងគ្រោះ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៧៥គ្រួសារ

(កំពង់ធំ): ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញចូលរួមប្រគល់ផ្ទះថ្មីចំនួន៥ខ្នងជូនគ្រួសារងាយរងគ្រោះ និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៧៥គ្រួសារ ដែលស្ថិតស្រុកស្ទោងស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ផ្ទះថ្មីចំនួន៥ខ្នងដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រគល់ជូនមានទំហំ ៤ម៉ែត្រ×៦ ម៉ែត្រ សាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងរនាបក្តារ។

       បន្ទាប់ពីលោកអភិបាលស្រុក  ក្រុង អានរបាយការណ៍ស្វាគមន៍និងធ្វើរបាយការណ៍ពីស្ថានភាពជីវភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួនរួចមក  ឯកឧត្ត្តម ងួន រតនៈ ក៏បានជំរុញដល់អនុសាខាកាកបាទក្រហមស្រុក ព្រមទាំងលោកមេឃុំ មេភូមិ សូមខិតខំចុះសួរសុខទុក្ខពុកម៉ែបងប្អូនណាដែលកំពុងជួបការលំបាក ប្រសិនបើមិនមានលទ្ធភាពជួយទេ សូមរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដើម្បីចុះមកជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកឱ្យប្អូនណាម្នាក់អត់ស្បៀងអាហារនោះទេ ។ 

       

         ឯកឧត្តមក៍បានបន្តទៀតថា ដោយមានសំណើពីបងប្អូនប្រជាពលរដ្ឋក្នុងការជួលជុលផ្លូវប្រវែងជាង៣គីឡូម៉ែត្រនៅឃុំរុងរឿង ស្រុកស្ទោង។សូមឱ្យមានការដាំដុះដំណាំបន្ថែមនៅតាមផ្ទះ ដើម្បីកាត់បន្ថយប្រាក់ចំណាយនិងមានសុខភាពល្អចៀសផុតពីជំងឺផ្សេងៗ។ជំរុញបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ណាដែលមិនទាន់ចាក់វ៉ាក់សាំងសូមទៅចាក់វ៉ាក់សាំងបន្ថែមទៀតដើម្បីការពារជំងឺកូវីដ-១៩។

     ជាចុងក្រោយឯកឧត្តត្តម ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩នេះ ត្រូវរស់នៅបែបគន្លងថ្មី ដោយពាក់ម៉ាស រក្សាអនាម័យឱ្យបានជាប់ជានិច្ច  ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងវិញទៀតសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា។

      សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនចំនួន៧៥គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម , មី១កេស, ត្រីខ ១០កប៉ុង , ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់។ ក្នុងនោះគ្រួសារដែលបានផ្ទះ ទទួលអំណោយបន្ថែមរួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី១យួរ , ទឹកស៊ីអីវ១យួរ, កន្ទេល១, ធុងចម្រោះ១, ឆ្នាំង២ និងឃីត១កញ្ចប់ ផងដែរ៕