រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានយាងសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លើបណ្តាញ Facebook របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរបញ្ជាក់ជាផ្លូវការថា នៅមុននេះបន្តិច «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះ បានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕