រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតអាឡឺម៉ង់ រួមនឹងឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជាអញ្ជើញទស្សនៈកិច្ចនៅ បណ្ឌិត្យសភានគរបាលកម្ពុជា

0

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូអន្តរជាតិ មានលោក Christian Berger ឯកអគ្គរដ្ឋទូត​ នៃសាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលីប្រចំាព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ជាតិ និងអន្តរជាតិជាច្រើនរូបទៀត បានអញ្ជើញអមដំណើរ ក្នុងទស្សនៈកិច្ចនៅ បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីសិក្សាស្វែងយល់ អំពីការបណ្តុះបណ្តាលកងកម្លាំងនគរបាលនៅកម្ពុជា នាព្រឹកថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

នៅក្នុងដំណើរទស្សនកិច្ចដ៍មានសារៈសំខាននេះ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្តែងនូវគារវកិច្ចស្វាគមយ៉ាងកក់ក្តៅនិងបានធ្វើបទបង្ហាញសង្ខេប អំពីបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិទាំង៦ ដែលមានខ្លឹមសារឆ្លុះបញ្ចាំង អំពី ប្រវត្តិបណ្ឌិត្យសភានគរបាលកម្ពុជា ចក្ខុវិស័យ បេសកម្ម ការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ គុណភាពអប់រំបណ្តុះបណ្តាល វឌ្ឍនភាព តម្រូវការនិងផែនការអភិវឌ្ឍអង្គភាពសម្រាប់រយៈពេល១០ ឆ្នាំ (២០២១-២០៣០) ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេច ក្រឡា ហោម ស ខេង និង ឯកអគ្គរដ្ឋទូត ព្រមទាំងគណៈប្រតិភូទាំងអស់ បានអញ្ជើញទស្សនាដោយផ្ទាល់ នូវសមិទ្ធផលនានា និងទីតាំងហ្វឹកហាត់មួយចំនួន ក្នុងបរិវេនបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីសិក្សាស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀត អំពីវឌ្ឍនភាព និងតម្រូវការជាក់ស្តែងរបស់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេង ​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចំរើន ការដឹកនាំ គ្រប់គ្រងបានល្អ និងការពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាលរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការលើកម្ពស់កម្រិតសីលធម៌វិជ្ជាជីវៈ ដល់មន្រ្តីនគរបាលជាតិ ទូទាំងប្រទេស ស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង នៃការប្រែប្រួលសភាពការណ៍សន្តិសុខនៅជុំវិញពិភពលោក។

សម្តេចក្រឡាហោម បានសម្តែង នូវការគាំទ្រ កម្រោងប្លង់មេរយៈពេល ១០ឆ្នាំ (២០២១-២០៣០) សម្រាប់អភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិទាំង៦ អោយក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលកងកម្លាំង មានលក្ខណៈសមស្រប អាចប្រៀបធៀបជាមួយនឹងគ្រឹះស្ថានបណ្តុះបណ្តាលកងកម្លាំង នៃបណ្តាប្រទេសជឿនលឿននានា ក្នុងក្របខណ្ឌអាស៊ាន តំបន់ ឬសកលោកនាពេលអនាគត។

ឯកអគ្គរដ្ឋទូត នៃប្រទេសទាំងពីរ បានសំដែងការចំណាប់អារម្មណ៍ ប្រកបដោយក្តីរំភើបរីករាយ ចំពោះវឌ្ឍនភាពរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលបច្ចុប្បន្ន និងបង្ហាញបំណងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការបណ្តុះបណ្តាលកងកម្លាំងនគរបាល ថែមទៀតផង៕