ព្រះរាជជីវប្រវត្តិសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ

0

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

ព្រះអង្គ គឺជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

ជាអ្នកនយោបាយជើងចាស់ ព្រះអង្គបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយ នៃកម្ពុជា ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧។ បន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះ ឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦។

នៅខែ​មីនា ឆ្នាំ ២០០៦ ព្រះ​អង្គ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​សភាជាតិ និង ៧ខែក្រោយមក គឺ​នៅ​ខែ​តុលា ព្រះអង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ ក្រោយមកព្រះអង្គ​បាន​បង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ នៅចុងឆ្នាំ២០០៦ ​បន្ទាប់មកទៀតបានបង្កើត​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ មុននឹង​ព្រះអង្គ​ត្រឡប់​មកដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ និង​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​គណបក្ស​ម្តងទៀតនៅឆ្នាំ២០១៥។ ​​​

ក្នុងអំឡុងពេលប្រឡូកក្នុងឆាកនយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់រងនូវ បណ្តឹងនៅតុលាការមួយចំនួនដូចជា ករណី​កិប​កេង​ប្រាក់ ​ចំនួន​ ​៣​,​៦​ ​លាន​ដុល្លារ​ ​ពី​កា​រលក់​ទីស្នាក់ការ​ហ៊្វុនស៊ិនប៉ិច​ ​នៅក្បែរ​ស្ថានទូត​បារាំង​ ក្នុង​ឆ្នាំ​២០០៥​។ ក្រោយមកព្រះអង្គ​ម្ចាស់​    ក្សត្រិយ៍​នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ ​បាន​ដាក់ពាក្យ​ប្តឹង​ទ្រង់​ពី​បទ​ផិត​ក្បត់​។​

ចំពោះការសិក្សា ព្រះអង្គបញ្ចប់ការសិក្សានៅសកលវិទ្យាល័យប្រូវេន ហើយបានផ្តើមអាជីពព្រះអង្គជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់ នៅប្រទេសបារាំង។ ឆ្នាំ១៩៨៣ ព្រះអង្គបានក្លាយជាប្រធាន បុគ្គលិកនិងជាអគ្គមេបញ្ជាការនៃកងទ័ពជាតិសីហនុ។ បន្ទាប់មកទៀត ព្រះអង្គបានក្លាយជា អគ្គលេខាធិការហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨៩ ហើយជាប្រធានគណបក្សនេះនៅឆ្នាំ១៩៩២។

ព្រះរាជសុខភាពរបស់ព្រះអង្គបានធ្លាក់​ទ្រុឌទ្រោម ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​ នៅ​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​ព្រះសីហនុ ខណៈដែល​ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នក​ម្នាង​របស់​ព្រះអង្គ​ គឺ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព។

ព្រះអង្គមានព្រះរាជបុត្រចំនួន ៥អង្គ ក្នុងនោះព្រះរាជបុត្រ រវាងព្រះអង្គ និងក្សត្រិយ៍​នរោត្តម  ​ ​ម៉ារី​ ​រណឫទ្ធិ មាន៣ព្រះអង្គ និងរវាងព្រះអង្គ និងអ្នកម្នាងអ៊ុក ផល្លាចំនួន ២អង្គ។

បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងប្រទេសថៃ អស់ជាច្រើនខែរួចមក ព្រះអង្គបានយាងត្រឡប់ មកកម្ពុជាវិញ ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ មានបញ្ហារហូតដល់មានការ បណ្តេញសមាជិកជាន់ខ្ពស់នៃគណបក្សនេះ មួយចំនួនចេញពីបក្ស។

ក្រោយមកទៀត ដោយសារបញ្ហាព្រះរាជសុខភាព ព្រះអង្គត្រូវបានបញ្ជូនទៅព្យាបាលនៅ ប្រទេសបារាំង រហូតដល់ព្រះអង្គយាងសោយព្រះទិវង្គត នៅវេលាម៉ោង ៣:៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ បានឲ្យដឹងថា ព្រះសពរបស់ព្រះអង្គ នឹងត្រូវយាងដង្ហែមកកាន់ ព្រះរាជាណាចក្រកម្ពុជា វិញ នាពេលឆាប់ៗខាងមុខនេះ៕